(ស្វាយរៀង)៖ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ ក្រុមការងារតម្លើងម៉ាស៊ីន ស្កេនកាំរស្មីអ៊ិច ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារ ក្រោមការចង្អុលបង្ហាញរបស់ នាយឧត្តម សេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះធ្វើការតម្លើងម៉ាស៊ីន ស្កេនកាំរស្មីអ៉ិចមួយគ្រឿង នៅច្រកទ្វារព្រំដែនអន្ដរជាតិបាវិត។
ម៉ាស៊ីននេះ ជាម៉ាស៊ីនដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលក្រោមជំនួយឧបត្ថម្ភពីសំណាក់ រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈផ្នែកសន្តិសុខ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា សម្រាប់ប្រើ ប្រាស់ ក្នុងការត្រួតពិនិត្យ ទប់ស្កាត់ការជួញដូរសព្វាវុធខុសច្បាប់ គ្រឿងញៀន និងសារធាតុញៀន ដើម្បីចូលរួមចំណែករក្សានូវសុវត្ថិភាព សណ្តាប់ធ្នាប់ និងសន្តិសុខជាតិ ជាពិសេសសម្រាប់កិច្ចប្រជុំ អាស៊ានលើកទី៤០ ក្នុងឆ្នាំ២០២២នេះ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ផងដែរថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត គឺជាច្រកទ្វារព្រំដែនអន្តរជាតិ មួយដែលបានចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ចរន្តសេដ្ឋកិច្ចជាតិ ដែលជាច្រកដែលតភ្ជាប់ជា មួយច្រកព្រំដែនម៉ុកបៃ ក្នុងខេត្តតៃនិញប្រទេសវៀតណាម ជាច្រកសេដ្ឋកិច្ចដ៏សំខាន់ផងដែរក្នុងការ បម្រើដល់វិស័យដឹកជញ្ជូនទំនិញ និងភ្ញៀវទេសចរដែលឆ្លងកាត់ប្រទេសទាំងពីរ។
លោកឧត្តមសេនីយ៍ត្រី ខាត់ សារត្ន័ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានលើក ឡើងថាការតម្លើងម៉ាស៊ីនស្កេនកាំរស្មីអ៊ិចនេះនឹងជួយសម្រួលការងារធានាសុវត្ថិភាព សណ្តាប់ធ្នាប់ និងសន្តិសុខជាតិរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត។
លោកឧត្តមសេនីយ៍ត្រី ខាត់ សារត្ន័ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋា ភិបាលជប៉ុន និងប្រជាជនជប៉ុនដែលបានធ្វើការឧបត្ថម្ភសម្ភារៈបច្ចេកទេស ជូនអគ្គនាយកដ្ឋាន អន្តោប្រវេសន៍កម្ពុជា ដើម្បីសម្រួលដល់ការងារធានាសុវត្ថិភាព សណ្តាប់ធ្នាប់ និងសន្តិសុខជាតិ តាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី ក៏បានបញ្ជាក់ជូនផងដែរថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរ ជាតិបាវិត នឹងប្តេជ្ញាបន្តធានាឲ្យបានចំពោះការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម បន្តអនុវត្តភារកិច្ចក្នុងនាមជាមន្ត្រីនគរបាលអន្តោប្រវេសន៍ របស់ក្រសួងមហាផ្ទៃឲ្យបានខ្ជាប់ខ្ជួន។ ម៉ាស៊ីនស្កេននេះត្រូវបានដាក់ ឲ្យប្រើប្រាស់ជាផ្លូវការក្រោយពេលតម្លើងរួច ស្របទៅតាមមតិដឹក នាំរបស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕