សម្តេចតេជោ ហ៊ុន សែន លើកឡើងថា អ្នកនិយាយថា ដោយសារកិច្ចព្រមព្រៀងក្រុងប៉ារីស ទើបវៀតណាមដកទ័ពពីកម្ពុជា គឺជាការនិយាយខុស, វៀតណាមបានដកកងទ័ពទាំងស្រុង នៅឆ្នាំ១៩៨៩

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អ្នកនិយាយថា ដោយ សារកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ទើបវៀតណាមដក ទ័ពចេញពីកម្ពុជា គឺជាការនិយាយខុសពីសភាពការណ៍ជាក់ស្តែង។

ក្នុងពិធីអបអរសាទរខួប ៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឲ្យដឹងថា វៀតណាមមិនមែនដកកងទ័ពចេញ ពីកម្ពុជា ក្រោយកិច្ចព្រមព្រៀងក្រុងប៉ារីសនោះទេ គឺវៀតណាមបានដកកងទ័ពទាំងស្រុង តាំងពីថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ១៩៨៩ មកម្ល៉េះ។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់យ៉ាងដូច្នេះថា «វៀតណាមមិនមែនដកទ័ពក្រោយកិច្ចព្រមព្រៀងក្រុងប៉ារីសទេ សូមបញ្ជាក់ឲ្យច្បាស់ត្រង់ចំណុចនេះ។ វៀតណាមបានដកចេញទាំងស្រុងពីកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៨៩ គឺជាង ២ឆ្នាំមុន កិច្ច ព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ ពេលនោះ ជាពេលវេលាដែលយើងបានកសាងកម្លាំងខ្លួនឯង ភូមិ សាស្ត្រមួយចំនួនត្រូវបាត់បង់ ដូចជាភូមិសាស្ត្រប៉ៃលិន តំបន់ខ្លះអន្លង់វែង ក៏ប៉ុន្តែយើងទប់ទល់បាន សភាពការណ៍ ហើយទិដ្ឋភាពអន្តរជាតិនៃបញ្ហាកម្ពុជា ក៏ត្រូវបានបញ្ចប់ ព្រោះដំណោះស្រាយបញ្ហា នយោបាយសម្រាប់កម្ពុជា គឺមានបញ្ហា២ រួមមាន ទិដ្ឋភាពផ្ទៃក្នុង និងទិដ្ឋភាពអន្តរជាតិ»

សម្តេចបន្តថា «អញ្ចឹងពេលកងទ័ពវៀតណាមចេញពីកម្ពុជា ទិដ្ឋភាពអន្តរជាតិត្រូវបានបញ្ចប់ នៅតែ ទិដ្ឋភាពផ្ទៃក្នុងតែប៉ុណ្ណោះ ដែលជាការផ្តល់ឱកាសឲ្យកម្ពុជា សម្រាប់សម្រួលគ្នាតាមរយៈនៃការចូល រួមពីភាគីពាក់ព័ន្ធ រាប់ទាំងសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីសម្រេចបាននៃកិច្ចព្រម ព្រៀងទីក្រុងប៉ារីស។ នោះហើយ ជាចំណុចប្រវត្តិសាស្ត្រដែលយើងគួររំលឹក ហើយអ្នកខ្លះលើកថា ដោយសារកិច្ចព្រមព្រៀងក្រុងប៉ារីស ទើបវៀតណាមដកទ័ព។ នេះជាការលើកខុសពីសភាពការណ៍ ជាក់ស្តែង នៅកម្ពុជា»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងដែរថា ជំនាញការវៀតណាម ត្រូវបានដកចេញពីកម្ពុជា មុនដកកងទ័ពមួយឆ្នាំ ដែលមានន័យថា វៀតណាមបានដកកងទ័ពចេញពីកម្ពុជា ២ឆ្នាំមុន កិច្ចព្រម ព្រៀងសន្តិភាព ក្រុងប៉ារីស៕