កូរ៉េខាងជើង បញ្ជូនជំនួយដល់ប្រជាជន ៨០០គ្រួសារ ដែលរងផលប៉ះពាល់ដោយសារការឆ្លង រាលដាល នៃជំងឺពោះវៀនម្យ៉ាង


 (សេអ៊ូល)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២ គឺប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងក្រុមមន្ត្រីជាន់ខ្ពស់ ផ្សេងទៀត បានបញ្ជូនកញ្ចប់ជំនួយ សម្រាប់ប្រជាជនចំនួន ៨០០គ្រួសារ ដែលបានរងផលប៉ះពាល់ពីការឆ្លងរាលដាលនៃជំងឺពោះវៀត ម៉្យាង ដែលមិនទាន់ ត្រូវបានកំណត់ប្រភព ខណៈប្រទេសនេះក៏កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើង ជាលើកដំបូងនៃជំងឺកូវីដ ១៩។ កូរ៉េខាងជើងបានរាយការណ៍ក្នុងសប្តាហ៍នេះថាខ្លួនកំពុងប្រឈមមុខនឹង «ជំងឺឆ្លងរាតត្បាតធ្ងន់ធ្ងរ » ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីប្រភេទនៃជំងឺនេះទេ ដោយគ្រាន់តែសំដៅទៅលើមេរោគក្នុងពោះវៀន ប៉ុណ្ណោះ។KCNA បានគូសបញ្ជាក់ដូច្នេះថា «ក្រុមមន្ត្រីបានរៀបចំថ្នាំពេទ្យ, គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដែលចាំបាច់ ដើម្បីផ្តល់ជំនួយដល់ ប្រជាជននៅទីក្រុងកំពុង់ផែ ហេជូ (Haeju) និងតំបន់កាងរីយ៉ុង (Kangryong County) នៃខេត្តវ៉ាងហេ ខាងត្បូង (South Hwanghae) ដែលរងផលប៉ះពាល់ពីជំងឺឆ្លងរាតត្បាតនេះ»

លោក គីម ក៏បានអំពាវនាវដល់ក្រុមមន្ត្រី «ឱ្យបំពេញកាតព្វកិច្ចរបស់ពួកគេក្នុងការងារ ដើម្បីបន្ធូរ បន្ថយទុក្ខលំបាករបស់ប្រជាជនឱ្យបានឆាប់តាមដែល អាចធ្វើទៅបានផងដែរ»៕