(យូអិន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២ អោយដឹងថា សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះបានចោទសួរចិន និង រុស្ស៉ីថាតើប្រទេសទាំង២ តម្កល់ប្រយោជន៍នៃទំនាក់ទំនងរបស់ខ្លួនមុនសន្តិសុខពិភពលោកឬ ទើប ចេះតែបោះឆ្នោតវេតូទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើកូរ៉េខាងជើង ពាក់ព័ន្ធនឹងការបាញ់ តេស្ដមីស៊ីលផ្លោង ឥតល្ហែកន្លងមកនេះ។
មន្ត្រីការទូតជាន់ខ្ពស់អាមេរិក លោក ចេហ្វហ្វ្រី ដេឡូរិនទីស (Jeffrey DeLaurentis) ធ្វើការកត់ សម្គាល់ខាងលើប្រាប់អង្គប្រជុំនៃមហាសន្និបាត អង្គការសហប្រជាជាតិទាំង១៩៣ ប្រទេស និងជា ការឆ្លើយតបទៅនឹងការបោះឆ្នោតវេតូរបស់ចិន និងរុស្ស៉ី ជំទាស់់ដំណោះស្រាយដាក់ទណ្ឌកម្ម កូរ៉េ ខាងជើង ព្រាងឡើងដោយសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន។ ថ្លែងនាឱកាសនោះ លោក DeLaurentis បានគូសបញ្ជាក់ដូច្នេះថា «យើង មើលឃើញថាការបោះឆ្នោតវេតូនេះមិនឆ្លុះបញ្ចាំង ពីភាពជាដៃគូនោះទេ ហើយការពន្យល់ពីការបោះឆ្នោតវេតូរបស់ពួកគេ (ចិន និងរុស្ស៉ី) មិនគ្រប់ជ្រុង ជ្រោយ មិនគួរឱ្យជឿ និងមិនគួរឱ្យទុកចិត្ត។ ដ្បិតការបោះឆ្នោតវេតូរបស់ពួកគេមិនត្រូវបានប្រើប្រាស់ដើម្បីសុវត្ថិភាព និងសន្តិសុខ សមូហភាព នោះទេ»។
រុស្ស៉ី មិនបានឆ្លើយតបទៅនឹងការលើកឡើងរបស់លោក DeLaurentis នោះទេ ប៉ុន្តែ ចិនបានការ ពារការសម្រេចចិត្តបោះឆ្នោតវេតូរបស់ខ្លួនថា ជារឿងត្រឹមត្រូវ ដោយសង្កត់ធ្ងន់ថាការបន្តដាក់ទណ្ឌ កម្មលើកូរ៉េខាងជើង មានតែធ្វើឱ្យការស្វែងរកដំណោះស្រាយការទូត និងនយោបាយ កាន់តែលំ បាកតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា កូរ៉េខាងជើង នៅក្នុងឆ្នាំ២០២២នេះ បានធ្វើតេស្ដមីស៊ីលផ្លោងរាប់សិបគ្រាប់ ក្នុង នោះរួមមានទាំងមីស៊ីលផ្លោងអន្តរទ្វីប ICBM ចំពោះមុខការព្រមានពីសហរដ្ឋអាមេរិកថាទីក្រុងព្យុង យ៉ាង កំពុងត្រៀមធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកទី៧ និងជាលើកដំបូង ចាប់តាំងពី ឆ្នាំ២០១៧ មក៕