(បែរឡាំង)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២ អោយដឹងថា អតីតអធិការបតីអាល្លឺម៉ង់ លោក អាន់ជែលឡា មឺគែល (Angela Merkel) បានចេញ មុខការពារសមិទ្ធផល នៃការដោះស្រាយបញ្ហារបស់លោកស្រី ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ហើយថាគ្មានអ្វីត្រូវសុំទោសទេ នៅក្នុងបទសម្ភាសន៏ដ៏កម្រមួយចាប់តាំងពីលោកស្រី ចាកចេញពីតំណែងមក។
ថ្លែងប្រាប់ទូរទស្សន៍អាល្លឺម៉ង់ ARD លោកស្រី មឺគែល នៅថ្ងៃអង្គារសប្ដាហ៍នេះ បានគូសបញ្ជាក់ថា លោកស្រីគ្មានអ្វីដែលត្រូវសុំទោសទេ ជុំវិញការដោះស្រាយ និងការឆ្លើយតបរបស់លោកស្រី ទៅនឹង ការបបញ្ចូលតំបន់គ្រីមៀ ទៅក្នុងឧបសម្ព័ន្ធរបស់រុស្ស៉ី កាលពីឆ្នាំ២០១៤ រួមទាំងការជំទាស់មិនឱ្យ អ៊ុយក្រែនចូលជាសមាជិក អង្គការណាតូ កាលពីឆ្នាំ២០០៨។ លោកស្រី បន្ថែមថាការសម្រេចចិត្ត បែបនេះធ្វើឡើងដោយសារតែមិនចង់ឲ្យអ៊ុយក្រែនប្រឈមជាមួយរុស្ស៉ី ខណៈអ៊ុយក្រែន ខ្លួនឯងនៅ មិនទាន់បានត្រៀមរួចរាល់ទេ នៅពេលនោះ។
ជុំវិញសង្រ្គាមនៅអ៊ុយក្រែន លោកស្រី មឺគែល បានសង្កត់ធ្ងន់ថា «ការឈ្លានពានរបស់រុស្ស៉ី មិនត្រឹម តែមិនអាចទទួលយកបាននោះទេ ប៉ុន្តែក៏ជាកំហុសដ៏ធំមួយរបស់ រុស្ស៉ី…ប្រសិនបើយើងត្រឡប់ ទៅជជែកវែកញែកអំពីបញ្ហាទឹកដី ដែលកើតមានរាប់សតវត្សន៍មកហើយនោះ នោះនឹងបង្កើតបាន តែសង្រ្គាមប៉ុណ្ណោះ ហើយវាមិនមែនជាជម្រើសអ្វីឡើយ»។
គួរបញ្ជាក់ថា លោកស្រី មឺគែល បានរងការចោទប្រកាន់ថាបានបណ្តែតបណ្តោយឲ្យអាល្លឺម៉ង់រង គ្រោះ ក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៉ី តួយ៉ាងដូចជា គម្រោងបំពង់ឧស្ម័ន ណ័រស្រ្ទីម ធូ (Nord Stream 2) ត្រូវបានស្ថាបនាឡើងកំលុងពេលដែលលោកស្រី កាន់តំណែងជាអធិការបតី អាល្លឺម៉ង់៕