ចំនួនអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់កើនដល់ ១០៦នាក់ និងបាត់ខ្លួន ១០នាក់នៅក្នុងប្រទេសប្រេស៊ីល

 (ប្រាស៊ីលីយ៉ា)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែ មិថុនា ឆ្នាំ២០២២ អោយដឹងថា អាជ្ញាធរនៅក្នុងប្រទេសប្រេស៊ីល នៅថ្ងៃអង្គារសប្ដាហ៍នេះបានឱ្យ ដឹងថាចំនួនអ្នក ស្លាប់ដោយសារគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងខ្លាំង នៅឯតំបន់ប៉ែកឦសាន នៃប្រទេស បានកើនដល់ ១០៦នាក់ និង១០នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។

បើតាមអភិបាលរដ្ឋ ពែរណាមប៊ុយកូ (Pernambuco) លោក ប៉ៅឡូ កាម៉ារ៉ា (Paulo Camara) បច្ចុប្បន្នអាទិភាពចម្បងរបស់អាជ្ញាធរគឺស្វែងរកអ្នកដែល បាត់ខ្លួន ខណៈគ្រោះរអិលបាក់ និងទឹក ជំនន់នៅតែបន្តកើតឡើង។ លោក កាម៉ារ៉ាបានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «យើងនឹងមិនឈប់ឡើយ រហូតទាល់តែយើង រកឃើញអ្នកដែលបានបាត់ខ្លួនទាំងអស់ ហើយនេះគឺជាអាទិភាពចម្បងនៅពេល នេះ»។ គួរបញ្ជាក់ថា បើតាមអាជ្ញាធឧតុនិយមប្រេស៊ីល ភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់អាចនឹង បន្តកើតមាននៅក្នុងរដ្ឋ Pernambuco ជាពិសេសនៅក្នុងរដ្ឋធានី រ៉េស៊ីហ្វេ (Recife) នៃរដ្ឋមួយនេះ តែម្ដង៕