(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋាន ខណ្ឌឬស្សីកែវ អញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំជីវភាពរបស់គណៈកម្មាធិការគណបក្សខណ្ឌ ឬស្សីកែវ ប្រចាំខែឧសភា ឆ្នាំ២០២២ និងទិសដៅបន្តខែមិថុនា ឆ្នាំ២០២២ ដែលប្រព្រឹត្តនៅមន្ទីរ គណបក្សខណ្ឌឫស្សីកែវ «គ៧៧»។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីតាមដានសកម្មភាពរបស់គណៈកម្មាធិការគណបក្សខណ្ឌឫស្សីកែវ ក៏ដូចជាកំណត់ទិសដៅ និងយុទ្ធសាស្ត្រល្អៗក្នុងការយកជ័យជំនះពីការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
ឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់ បានរំលឹកដល់អង្គប្រជុំថា «បើគណបក្សយើងឈ្នះ យើងឈ្នះ ទាំងអស់គ្នា តែបើគណបក្សយើងចាញ់ យើងចាញ់ទាំងអស់គ្នា ដូចច្នេះយើងត្រូវខិតខំប្រឹងប្រែងធ្វើ យ៉ាងណា ដើម្បីទទួលបានជ័យជំនះ សម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ»។
ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈកម្មាធិការគណបក្សខណ្ឌឫស្សីកែវ ដែលបានខិតខំប្រឹងប្រែងកន្លងមក ហើយក៏បានជំរុញដល់អង្គប្រជុំទាំងអស់ ឲ្យចូលរួមឲ្យសកម្ម បន្ថែមទៀត ក្នុងការបំពេញតួនាទីរបស់ខ្លួន ព្រោះទាំងអស់គ្នាជាផ្នែកមួយដ៏សំខាន់សម្រាប់គណ បក្ស៕