(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ជោគជ័យរបស់ ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រហូតដល់ដំណើរការបើកប្រទេសឡើងវិញ និងគ្មានអត្រាឆ្លងពេលនេះ មិនមែនជារឿងចៃដន្យនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញ ជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ នៅសាលពិព័រណ៍ជ្រោយចង្វា។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «មកដល់ពេលនេះ មិនមែនជាការចៃដន្យទេ នៃជោគជ័យដែលយើងបានយកឈ្នះកូវីដ គ្រាន់តែប៉ុណ្ណេះអាចផ្ដល់នូវសញ្ញាដឹងថា ហ៊ុន សែន មិនដែលខ្វះការគិតអំពីសេណារីយ៉ូច្រើនបែប លទ្ធភាពកើតឡើងច្រើនបែប»។
ក្នុងការត្រៀមទប់ទល់នឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា កាលពីជាង២ឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវបង្កើត គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ( TYDA ) ដែលជាកម្លាំងយុវជនដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវគ្មានស្រមោល។ ពេលនោះកម្ពុជាមិនទាន់មានការរីករាលដាលជំងឺកូវីដ១៩ ធ្ងន់ធ្ងរនៅឡើយទេ ហើយក៏មិនទាន់មាន ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈផងដែរប៉ុន្តែនេះជាការត្រៀមខ្លួនបន្ថែមទៀតដើម្បីធ្វើសកម្មភាពនៅពេលវេលាដែលចាំបាច់។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការគិតគូរបម្រុងជាមុនបែបនេះ មិនមែនទើបតែមាន នៅពេលប្រទេសកម្ពុជាជួបប្រទះនឹងជំងឺកូវីដ១៩ នោះទេ។ សម្ដេចបន្ថែមថា ទាក់ទងនឹងការត្រៀម បម្រុងសម្ដេចក៏មិនដែលលេងឱ្យអស់សន្លឹកបៀពីដៃនោះដែរ។ សម្ដេចតេជោ ហ៊ុន សែន បាន បញ្ជាក់ថា ការត្រៀមបម្រុងយុវជនដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មិនមែនជាការ សម្រេចចិត្តបែបប្រថុយប្រថាននោះទេ។
សូមបញ្ជាក់ថា បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ មាន រយៈ ពេល១០ថ្ងៃជាប់ៗគ្នាហើយ ដែលកម្ពុជាមិនមានអ្នកឆ្លង និងស្លាប់ដោយជំងឺកូវីដ១៩នោះឡើយ ដែលនេះត្រូវបានគេចាត់ទុកថាជាសញ្ញាល្អមួយ ក្រោយពេលបើកដំណើរការប្រទេសឡើយវិញ និង លើកលែងកាតព្វកិច្ចពាក់ម៉ាស់។
បើតាមតួលេខក្រសួងសុខាភិបាល តាំងពីគ្រាដំបូង រហូតដលពេលនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺ កូវីដ១៩៖ សរុបចំនួន១៣៦,២៦២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,១៩៧នាក់, ស្លាប់ សរុបចំនួន ៣,០៥៦នាក់៕