(សេអ៊ូល)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែ ឧសភា ឆ្នាំ២០២២ ប្រាប់អោយដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបើកកិច្ចប្រជុំ ការិយាល័យនយោបាយបន្ទាន់មួយ និងបានបញ្ជាឱ្យយោធាចូលរួមក្នុងការរក្សា ស្ថិរភាពនៃការផ្គត់ ផ្គង់ថ្នាំពេទ្យនៅក្នុងទីក្រុងព្យុងយ៉ាង ខណៈកំពុងប្រយុទ្ធតស៊ូនឹងការឆ្លងរាលដាល COVID-19។
កូរ៉េខាងជើងបានទទួលស្គាល់ពីការផ្ទុះរាលដាល COVID-19 ជាលើកដំបូងបំផុតនៅក្នុងប្រទេស របស់ខ្លួន កាលពីសប្ដាហ៍មុន ហើយក្រុមអ្នកជំនាញជាច្រើន បារម្ភថាស្ថានភាពឆ្លងអាចនឹងមាន សភាពកាន់តៃធ្ងន់ធ្ងរ ដោយសារតែប្រទេសឯកោមួយនេះមិនមានបរិក្ខារវេជ្ជសាស្ត្រគ្រប់គ្រាន់ និងត្រូវបានគេរាយការណ៍ថា មិនមានកម្មវិធីចាក់វ៉ាក់សាំងបង្ការដល់ប្រជាជនរបស់ខ្លួននោះទេ។
យ៉ាងណាក៏ដោយ ក្នុងនៅកិច្ចប្រជុំការិយាល័យបន្ទាន់មួយ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ នេះ លោក គីម ជុងអ៊ុន បានរិះគន់យ៉ាងខ្លាំងចំពោះ ភាពគ្មានទំនួលខុសត្រូវរបស់មន្ត្រីសុខាភិបាល កូរ៉េខាងជើងមួយចំនួន និងបានបញ្ជាឱ្យយោធាចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 ដើម្បី រក្សាស្ថិរភាព ការផ្គត់ផ្គង់ថ្នាំពេទ្យនៅក្នុងទីក្រុងព្យុងយ៉ាង។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុនក៏បានធ្វើទស្សនកិច្ចទៅកាន់ឱសថស្ថានមួយ មានទីតាំងស្ថិតនៅក្បែរទន្លេ Taedong ក្នុងទីក្រុងព្យុងយ៉ាងផងដែរ ក្នុងគោលបំណងត្រួតពិនិត្យការផ្គត់ផ្គង់ និងការលក់ថ្នាំ ពេទ្យ៕