(ភ្នំពេញ)៖ បន្ទាប់ពីវិលត្រឡប់មកដល់មាតុប្រទេសវិញ ក្រោយបញ្ចប់ការបំពេញបេសកកម្ម ប្រកប ដោយភាពជោគជ័យលើទឹកដីអាមេរិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាន បញ្ជាក់ថា ញាតិមិត្ដរបស់សម្ដេចយល់សប្ដិឃើញ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ធ្វើដំណើរ ទៅអាមេរិកជាមួយសម្ដេច ហើយតាមការពារនៅទីនោះផងដែរ។
សម្ដេចតេជោ ហ៊ុន សែន តាមរយៈ Facebook នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ម្សិលមិញ នេះ បានឲ្យដឹងទៀតថា នេះជាអបិយជំនឿ ប៉ុន្ដែសម្ដេចជឿ ព្រោះសម្ដេចខ្លួនឯងក៏បានយល់សប្ដិ ឃើញ សម្ដេច ហ៊ុន ណេង ស្ទើររាល់យប់ផងដែរ ដោយសប្ដិឃើញ៣យប់ ក្នុងចំណោម៤យប់ ដែលសម្រាកនៅអាមេរិក។
សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា៖
«ភរិយាខ្ញុំ បានប្រាប់ខ្ញុំថា មានញាតិមិត្តយល់សប្តិឃើញថា បងប្រុសរបស់ខ្ញុំធ្វើដំណើរទៅអាមេរិក ជាមួយខ្ញុំ ដើម្បីការពារខ្ញុំនៅទីនោះ។ នេះជាអបិយជំនឿ តែខ្ញុំដូចជាជឿ ព្រោះខ្ញុំក៏យល់សប្តិឃើញ បងប្រុសខ្ញុំរហូត៣យប់ ក្នុងចំណោម៤យប់។
យប់ថ្ងៃ១១ និងយប់ថ្ងៃ១២ នៅម៉ោង២ភ្លឺដូចគ្នា ខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំ ដោយស្លៀកពាក់ ខោអាវធំយ៉ាងស្អាតដើរមកពិនិត្យក្នុងបន្ទប់ខ្ញុំ ហើយប្រាប់ខ្ញុំថា (សែនឯងហត់ណាស់ខិតខំសម្រាក ឲ្យបានច្រើន)។ ខ្ញុំភ្ញាក់ឡើងក្រឡេករកមើលគាត់មិនឃើញខ្ញុំស្រក់ទឹកភ្នែក និងខំសម្រាកទៅវិញ ក្រែងបានឃើញគាត់មកវិញតែសម្រាកមិនលក់សោះរហូតម៉ោងប្រហែល៥ភ្លឺទើបសម្រាកលក់ទៅវិញ។ ព្រឹកម៉ោង៥ ថ្ងៃទី១៤ ខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំម្តងទៀត ហើយម្តងនេះឃើញគាត់ពាក់ ចិញ្ចៀនពេជ្រ នៅដៃខាងឆ្វេង និងដៃឆ្វេង នេះហើយដែលគាត់មកទាញភួយដាស់ខ្ញុំឲ្យភ្ញាក់ពីដេក ដោយនិយាយថា (សែនក្រោកឡើងទៅស្រុកយើងវិញ ម៉ោង៨ចេញពីអូតែល)។
ពេលខ្ញុំដឹងខ្លួនខ្ញុំគិតថា បងខ្ញុំពិតជានៅអាលោះអាល័យមកលើរូបខ្ញុំ ឬមកពីខ្ញុំគិតដល់គាត់ច្រើនពេក ទើបធ្វើឲ្យខ្ញុំយល់សប្តិឃើញគាត់ញឹកញាប់បែបនេះ។ បងប្អូនយើងពិតមែនតែនៅស្ថានខុសគ្នា តែ យើងនៅជាមួយគ្នាជានិច្ច»៕