ទីក្រុងមូស្គូនិយាយថា ជំនួយរបស់លោកខាងលិចដល់អ៊ុយក្រែនមិនអាចរារាំងជ័យជំនះរបស់រុស្ស៉ី បានទេ

 (កៀវ)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភា ឆ្នាំ២០២២ អោយដឹងថា រុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ជំនួយរបស់លោកខាង លិចដល់ក្រុងកៀវ ពិតជាបានពន្យឺតការវាយលុកក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែនឹងមិនអាចរារាំងដល់ ជ័យជម្នះរបស់ខ្លួន ឡើយ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា «សហរដ្ឋអាមេរិក អង់គ្លេស ព្រមទាំងអង្គការណាតូតែងតែប្រគល់ការណ៍សម្ងាត់ដល់កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនជាអចិន្ត្រៃយ៍»។

លោកបន្តថា «គួបផ្សំជាមួយនឹងលំហូរនៃសព្វាវុធដែលប្រទេសទាំងនេះ កំពុងបញ្ជូនទៅឲ្យអ៊ុយក្រែន គឺជាសកម្មភាពដែលមិនរួមចំណែកដល់ការបញ្ចប់ប្រតិបត្តិការរហ័សទេ…ទោះជាយ៉ាងណាក៏ដោយ ជំនួយខាងក្រៅទាំងនោះក៏មិនអាចរារាំងសមិទ្ធផលនៃគោលដៅនៃប្រតិបត្តិការយោធារបស់រុស្ស៊ីដែរ»។ បន្ទាប់ពីសង្រ្គាមជិត ១០សប្តាហ៍ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ បំផ្លាញទីក្រុងអ៊ុយក្រែន ជាច្រើន និងជម្លៀសប្រជាជនជាង ១៣លាននាក់ វិមានក្រឹមឡាំងបានទទួលស្គាល់ថា បណ្តា ប្រទេសលោកខាងលិចបានរារាំង «ការបិទបញ្ចប់» យ៉ាងឆាប់រហ័សនៃយុទ្ធនាការយោធារបស់ រុស្ស៊ី៕