កម្ពុជា-អ៊ីតាលី ប្តេជ្ញាធ្វើឱ្យប្រសើរការធ្វើពាណិជ្ជកម្ម


 (ភ្នំពេញ)៖ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Lorenzo Galanti ឯកអគ្គរដ្ឋទូតអ៉ីតាលីប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី និងសហការី ដើម្បីពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម។

ឯកឧត្តម រដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកឯកអគ្គរដ្ឋទូត និងសហការី ព្រមទាំងបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរាជរដ្ឋាភិបាលនៃសាធារណរដ្ឋអ៊ីតាលី ដែលតែង តែផ្តល់ជំនួយបច្ចេកទេស និងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់កម្ពុជា ជាពិសេសក្នុងបរិការណ៍កូវីដ-១៩ ដែលប្រទេសនេះបានឧបត្តម្ភវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ១,០៥៦,០០០ ដូស ដល់កម្ពុជា នាពេលថ្មីៗនេះ។

ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈវិធានការទប់ស្កាត់ដ៏មានប្រសិទ្ធភាព និងយុទ្ធនា ការចាក់វ៉ាក់សាំងប្រកបដោយជោគជ័យ ដែលអនុញ្ញាតឲ្យកម្ពុជាអាចបើកប្រទេស ដំណើរការ សកម្មភាពសេដ្ឋកិច្ចពេញលេញឡើងវិញលើគ្រប់វិស័យ និងថ្មីៗនេះឈានទៅដល់ការលើកលែង ការពាក់ម៉ាស់នៅទីសាធារណៈទូទាំងប្រទេស។

ឯកឧត្តម រដ្ឋមន្ត្រី បានបន្តថា ខណៈកម្ពុជាកំពុងបោះជំហានទៅមុខបន្ថែមទៀត ក្នុងការរស់នៅជា មួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងបដិវត្តឧស្សាហកម្មទី៤ វិស័យពាណិជ្ជកម្មនិងការ វិនិយោគ បានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសការស្តារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិជំងឺកូវីដ-១៩។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណសម្រាប់កិច្ចស្វាគមន៍ និងបានទទួល ស្គាល់នូវល្បឿននៃការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជាពិសេសវឌ្ឍនភាពថ្មីៗក្នុងវិស័យពាណិជ្ជ កម្មអន្តរជាតិរបស់កម្ពុជា។ ក្នុងនោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតបានជូនដំណឹងអំពីឆន្ទៈ និងកិច្ចខិត ខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋអ៊ីតាលី ក្នុងការត្រៀមរៀបចំធ្វើម្ចាស់ផ្ទះពិព័រណ៍ ពិភពលោកនៅទីក្រុងរ៉ូមឆ្នាំ២០៣០ ខាងមុខ។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានសូមជូនពរឲ្យសាធារណរដ្ឋអ៊ីតាលី ទទួលបានជោគជ័យ និងការគាំទ្រពី សមាជិកនៃ BIE ចំពោះដំណើរការបោះឆ្នោតខាងមុខ ក្នុងអំឡុងសន្និសីទប្រចាំឆ្នាំរបស់ Bureau International of Expositions នៅឆ្នាំ២០២៣។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម រដ្ឋមន្ត្រី និង លោកឯកអគ្គរដ្ឋទូត បានសម្តែងសារជាថ្មីនូវការប្តេជ្ញា ចិត្ត បន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មឱ្យកាន់តែមានភាពរឹងមាំ បន្ថែមទៀត តាមរយៈការទាក់ទាញអ្នកវិនិយោគអ៊ីតាលី មកកម្ពុដើម្បីផ្លាស់ប្តូរព័ត៌មាន ធ្វើកិច្ចសម្រួលពាណិជ្ជកម្ម និងពិនិត្យពីសក្តានុពលដែលកម្ពុជាមាន ដូចជាវិស័យកសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃ និងវិស័យទេសចរណ៍។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា-អ៊ីតាលី សម្រេចបានប្រមាណ ៣៤៨.៣ លានដុល្លារអាមេរិក នៅឆ្នាំ២០១៨ និង៣៧៥.៣លានដុល្លារអាមេរិកនៅឆ្នាំ២០១៩ (កំណើន ៧.៧៤%)។ ដោយទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មកម្ពុជា-អ៊ីតាលី បានថយមកត្រឹម ៣៣១.៦ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ (ថយចុះ១១.៦៤%) ហើយកើនឡើងវិញបន្តិចបន្ទួច នៅឆ្នាំ២០២១ដែលមានចំនួន ៣៣៤លានដុល្លារអាមេរិក៕