Tesla បានខាតបង់ ១២៦ពាន់លានដុល្លារអាមេរិកភ្លាមៗ ក្រោយពេល Twitter ព្រមទទួលយកការ ស្នើសុំទិញពីសំណាក់ លោក Elon Musk


 (បរទេស)៖  តាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ អោយដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិក ដែលកំពុងឈានមុខគេ Tesla បានខាត បង់ ១២៦ពាន់លានដុល្លារនៅក្នុងផ្សារហ៊ុន នៅថ្ងៃអង្គារម្សិលមិញនេះ ចំពេលមានការព្រួយបារម្ភ​ពីវិនិយោគិនដែលថា នាយកប្រតិបត្តិ លោក Elon Musk ប្រហែលជាត្រូវលក់ភាគហ៊ុននៅក្នុង ក្រុមហ៊ុន ដើម្បីប្រមូលប្រាក់យកទៅទិញ Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ។ ក្រុមហ៊ុន Tesla មិនជាប់ពាក់ព័ន្ធក្នុងកិច្ចព្រមព្រៀងទិញលក់រវាងលោក Elon Musk និងបណ្ដាញសង្គម Twitter នោះទេ ប៉ុន្តែភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ វាបានប្រែប្រួលយ៉ាងឆាប់រហ័ស បន្ទាប់ពី Musk បានបដិសេធមិនបង្ហាញជាសាធារណៈថា សាច់ប្រាក់របស់គាត់សម្រាប់ការ​ទិញ យក Twitter បានមកពីណា ព្រោះថា ៤៤ពាន់លានដុល្លារជាសាច់ប្រាក់សុទ្ធ ហើយជាចំនួនទឹក លុយដ៏ច្រើនសន្ធឹកសន្ធាប់។

ការធ្លាក់ចុះ ១២,២ភាគរយនៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla កាលពីថ្ងៃអង្គារ ក៏បានធ្វើឱ្យលោក Elon Musk ខាតបង់ប្រាក់ ២១ពាន់លានដុល្លារ នៃតម្លៃភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុន Tesla ផងដែរ។

ក្រុមអ្នកវិនិយោគ ក៏ដូចជាម្ចាស់ភាគហ៊ុនផ្សេងៗរបស់ Tesla បានព្រួយបារម្ភថា លោក Elon Musk អាចនឹងលក់ហ៊ុន របស់ លោកនៅក្នុងក្រុមហ៊ុន Tesla ដើម្បីប្រមូលយកប្រាក់ទៅទិញ Twitter ហើយ​បើសិនជាករណីនេះបានកើតឡើងមែននោះ នោះ តម្លៃទីផ្សារ និងភាគហ៊ុនរបស់ Tesla នឹង ធ្លាក់ចុះក្នុងកម្រិតមួយខ្ពស់ជាក់ជាមិនខាន ប៉ុន្តែចំពោះការព្រួយបារម្ភទាំងនេះ នៅមិនទាន់មាន ការបកស្រាយពីសំណាក់ Tesla និងលោក Elon Musk ផ្ទាល់នោះទេ៕