មេដឹកនាំកូរ៉េទាំង២ ឆ្លើយឆ្លងសំបុត្រមិត្តភាពគ្នាទៅវិញទៅមក ចំពោះមុខភាពតានតឹង


 (សេអ៊ូល)៖ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារ ព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឆ្លើយឆ្លងគ្នាតាមរយៈសំបុត្រជាមួយប្រធានាធិបតីកូរ៉េខាងត្បូងផុតអាណត្តិ លោក មូន ចេអ៊ីន ហើយបានអរគុណលោកមូន ដែលបានខិតខំប្រឹងប្រែងស្ដារទំនាក់ទំនងរវាងកូរ៉េ ទាំង២ នៅចំពោះមុខការព្រួយបារម្ភពី ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញរបស់ទីក្រុងព្យុងយ៉ាង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះបានឱ្យដឹងថាលោក មូន ចេអ៊ីន បានផ្ញើ សំបុត្រប្រកបដោយមិត្តភាពមកកាន់ លោក គីម ជុងអ៊ុន កាលពីថ្ងៃពុធសប្ដាហ៍នេះ ជាមួយការ សន្យាថានឹងបន្តព្យាយាមបង្កើតមូលដ្ឋានសម្រាប់ការបង្រួបបង្រួមជាតិ ដោយផ្អែកលើសេចក្ដីថ្លែង ការណ៍រួមដែលសម្រេចបាននៅឯកិច្ចប្រជុំកំពូលអន្តរកូរ៉េ កាលពីឆ្នាំ២០១៨ បើទោះជាកំពុងប្រឈម មុខនឹង ស្ថានភាពដ៏លំបាកក៏ដោយ។

KCNA បានបន្ថែមទៀតថា លោក គីម ជុងអ៊ុន បានឆ្លើយតបសំបុត្រទៅកាន់លោក មូន វិញកាល ពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយលើកឡើងថាកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររបស់មេដឹកនាំទាំង២ បានផ្ដល់ដល់ប្រជាជននូវក្ដីសង្ឃឹមសម្រាប់អនាគត ហើយលោក ក៏បានអរគុណលោក មូន ផងដែរ ដែលបានខិតខំប្រឹងប្រែងស្ដារទំនាក់ទំនងរវាងកូរ៉េទាំង២៕