(លីសបោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២ អោយដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃ ព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថាប្រទេសរបស់លោក ត្រូវការអាវុធបន្ថែមជាចាំបាច់ ដើម្បីការ ពារខ្លួនពីការឈ្លានពានរបស់រុស្ស៉ី ហើយអំពាវនាវឱ្យបណ្ដាប្រទេសលោកខាងលិចដាក់ទណ្ឌកម្ម បន្ថែមទៀតលើមូស្គូ។
លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសុន្ទរកថាវីដេអូមួយទៅកាន់សភាជាតិនៃ ប្រទេសព័រទុយហ្កាល់។ ថ្លែងនាឱកាស នោះ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានបញ្ជាក់ដូច្នេះថា «នៅក្នុងសង្រ្គាមរយៈពេល ៥៧ថ្ងៃមកនេះ, មានទីក្រុងច្រើនជាង ១,០០០ របស់ អ៊ុយក្រែនត្រូវបាន គ្រប់គ្រងដោយពួកឈ្លានពាន ដែលនៅតែបន្តបំផ្លិចបំផ្លាញទីក្រុងរបស់យើងជាច្រើនទៀត»។ លោកបានបន្ថែមដោយ ចោទប្រកាន់ថា កងទ័ពរុស្ស៉ីបានប្រព្រឹត្តអំពើសាហាវឃោរឃៅជាច្រើន ក្នុងនោះរួមមានទាំងនៅក្នុងទីក្រុង Mariupol ដែលកំពុង រងការទម្លាក់គ្រាប់បែកយ៉ាងដំណំ។
គួរបញ្ជាក់ថា នៅក្រោយសុន្ទរកថារបស់លោក ហ្សេលេនស្គី, ប្រធានសភាព័រទុយហ្កាល់ លោក អូហ្គូសស្តូ សាន់តូស ស៊ីលវ៉ា (Augusto Santos Silva) បានលើកឡើងថាការប្រយុទ្ធតស៊ូរបស់ អ៊ុយក្រែនដើម្បីសេរីភាព គឺជាការប្រយុទ្ធតស៊ូរបស់អ៉ឺរ៉ុប ដើម្បីសេរីភាពដូចគ្នាដែរ៕