សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចាកចេញពីកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូល ស្តីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ នៅប្រទេសជប៉ុន


(ភ្នំពេញ)៖ នៅម៉ោង៧៖៤០នាទីព្រឹកថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចាក ចេញពីរាជធានីភ្នំពេញហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូល ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន។ក្រសួងការបរទេស បានឱ្យដឹងនៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះថា ដំណើរទៅចូលរួមកិច្ចប្រជុំកំពូល ស្តីពី បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ធ្វើឡើងតបតាមការអញ្ជើញរបស់លោក គីស៊ីដា ហ្វឹមីអូ នាយក រដ្ឋមន្ត្រីជប៉ុន និងគណៈកម្មាធិការប្រតិបត្តិចម្រុះនៃកិច្ចប្រជុំកំពូលលើកទី៤។

កិច្ចប្រជុំកំពូល ស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ ធ្វើឡើងក្រោមមូលបទ «ទឹក សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី ២៣-២៤ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងខឹម៉ាមូតុ ប្រទេសជប៉ុន ។

ក្រសួងការបរទេស បានឱ្យដឹងថា អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មួយចំនួនទៀត។ ក្រសួងការបរទេសបានឱ្យដឹងទៀតថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅ ចំពោះមុខប្រមុខរាជ/រដ្ឋាភិបាល និងឥស្សរជននយោបាយ ព្រមទាំងតំណាងអង្គការជាតិ និងអង្គការ អន្តរជាតិជាច្រើនរូប សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំកំពូល ដោយផ្តោតលើសារសំខាន់នៃទឹក និងបញ្ហានានាពាក់ព័ន្ធនឹងទឹក ក៏ដូចជាតម្រូវការចាំបាច់ក្នុងការធ្វើ ការជាមួយគ្នា ដើម្បីគ្រប់គ្រងធនធានដ៏ចាំបាច់នេះ ប្រកបដោយចីរភាព។

កិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ ធ្វើឡើងក្នុងគោលបំណងចែករំលែក ទស្សនទាន ការប្រមើមើលទៅមុខនៃដំណោះស្រាយ និងការអនុវត្ត ជូនចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋា ភិបាល ដែលគាំទ្រដល់ការសម្រេចចិត្តជាគោលនយោបាយ ក្នុងការពន្លឿនសកម្មភាពឲ្យសម្រេច បាននូវការលូតលាស់ប្រកបដោយគុណភាព ឆ្ពោះទៅកាន់សង្គមមួយដែលមានភាពធន់ ប្រកប ដោយបរិយាប័ន្ន និងដោយចីរភាព ដោយដោះស្រាយនូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងទឹក ក្រោយ ពេលដែលស្ថានភាពជម្ងឺកូវីដ-១៩ បានប្រសើរឡើងវិញ ក្នុងតំបន់អាស៊ី-បាស៊ីហ្វិក។

កិច្ចប្រជុំក៏មានគោលបំណងជំរុញកិច្ចសហការ និងភាពជាដៃគូបន្ថែមទៀត ដើម្បីប្រើប្រាស់ហេដ្ឋា រចនាសម្ព័ន្ធប្រកបដោយគុណភាព ដើម្បីគាំទ្រការលូតលាស់ប្រកបដោយគុណភាព។

កិច្ចប្រជុំកំពូលលើកទី៤នេះ ត្រូវបានគេរំពឹងថា នឹងរួមវិភាគទានយ៉ាងសំខាន់ ឆ្ពោះទៅសម្រេច បាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ក្រសួងការបរទេស បានឱ្យដឹងផងដែរថា ក្នុងដំណើរទៅកាន់ប្រទេសជប៉ុនជាលើកទី២៤នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្រ្តីជប៉ុន នឹងមានកិច្ចប្រជុំទ្វេភាគី ដើម្បីពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហ-ប្រតិបត្តិការរវាងប្រទេសទាំង ពីរ។ នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងក្រសួងដែនដី ហេដ្ឋា រចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏រំពឹងថា នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយលោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងទទួលជួបការសម្តែងការគួរសម ពីសំណាក់ឥស្សរជននយោបាយ និងធុរជន ជប៉ុនមួយចំនួនទៀត៕