កម្ពុជានាំចេញត្បូង និងលោហធាតុមានតម្លៃ ៩១លានដុល្លារ កើនឡើងជាង១៣០០% នៅត្រី មាសទី១

 (ភ្នំពេញ)៖ កម្ពុជាបាននាំចេញត្បូង និងគ្រឿងអលង្ការ ទៅកាន់ទីផ្សារអន្តរជាតិតម្លៃជិត ១០០លាន កើនឡើងជាង១៣០០% ក្នុងរយៈពេលបីខែដើមឆ្នាំ២០២២នេះ បើធៀបនឹងរយៈពេលដូចគ្នាកាល ពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

តាមទិន្នន័យដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ពីខែមករា ដល់ខែមីនា ឆ្នាំ២០២២ កម្ពុជាបាននាំចេញ គុជខ្យងធម្មជាតិ ឬចិញ្ចឹម, ត្បូងថ្មមានតម្លៃ ឬមាន តម្លៃមធ្យម, លោហធាតុមានតម្លៃ លោហធាតុស្រោបដោយលោហធាតុមានតម្លៃ គ្រឿងអលង្ការ កាឡៃ និងកាក់ មានតម្លៃជាង៩១លានដុល្លារអាមេរិក កើនឡើង១៣៨៧.៥% បើធៀបនឹងរយៈ ពេលដូចគ្នា កាលពីឆ្នាំ២០២១ ដែលមានតម្លៃត្រឹមតែជាង៦លានប៉ុណ្ណោះ។

ដោយឡែកបើគិតពីការនាំចេញសម្រាប់តែខែមីនា ការនាំចេញត្បូងរបស់កម្ពុជា មានតម្លៃជាង៥៥ លានដុល្លារអាមេរិក កើនឡើង ២៨៤១% បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំមុន ដែលមានតម្លៃ ត្រឹមតែ១លានប៉ុណ្ណោះ។

ចំណែកការនាំចូលវិញ ក្នុងរយៈពេលបីខែនេះកម្ពុជាបាននាំចូលត្បូងផ្សេងៗ តម្លៃ១ ៣១៧ លានដុ ល្លារ ថយចុះ៤៦.២% ខណៈការនាំចូលក្នុងខែមីនា ធ្លាក់ ៨៧.៨% គឺមានតម្លៃត្រឹមតែ ១៣៥លាន ដុល្លារ។ ទន្ទឹមនឹងការកើនឡើងនៃការនាំចេញត្បូង និងគ្រឿងអលង្ការនេះ ក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តដល់ពាណិជ្ជករ ដែលកំពុងធ្វើធុរកិច្ចលើវិស័យគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ ឱ្យចូលរួមពិព័រណ៍គ្រឿងអលង្ការអន្តរជាតិសិង្ហបុរី ដែលនឹងប្រព្រឹត្តទៅចាប់ ពីថ្ងៃទី១៤-១៧ ខែកក្កដា ឆ្នាំ២០២២ នៅប្រទេសសិង្ហបុរី។

ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់នៅថ្ងៃទី២១ ខែ មេសានេះថា ពិព័រណ៍គ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃបានរៀបចំឡើង ជារៀងរាល់ឆ្នាំនៅប្រទេស សិង្ហបុរី ដោយមានអ្នកតាំងពិព័រណ៍មកពីប្រទេសជាច្រើនចូលរួម ។

ឯកឧត្តម បន្តថា ក្រសួងពាណិជ្ជកម្ម ធ្លាប់បានបញ្ជូនពាណិជ្ជករកម្ពុជា ក្នុងវិស័យគ្រឿងអលង្ការ និង ត្បូងថ្មមានតម្លៃ ទៅចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះជា បន្តបន្ទាប់ លើកលែងតែក្នុងអំឡុងពេល នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។ តាមការស្ទង់មតិ ពាណិជ្ជករកម្ពុជា មានការចាប់អារម្មណ៍ខ្ពស់ ចំពោះការចូលរួមក្នុងពិព័រណ៍នេះ ដោយសារនៅរាល់ពេលចូលរួមអ្នកតាំងពិព័រណ៍អាចលក់ផលិត ផលបានខ្លះ និងមានឱកាសបានសិក្សាស្វែងយល់ពីគុណប្រយោជន៍នៃការរចនាម៉ូដ គ្រឿងអល្លង្ការ តម្រូវតាមទីផ្សារសម្រាប់អ្នកស៊ីវិល័យ បានស្វែងយល់ពីស្ថានភាពទីផ្សារគ្រឿងអលង្ការក្នុងតំបន់ និងពិភពលោក តាមរយៈការចូលរួមសិក្ខាសាលា ស្តីពីទំនោរទីផ្សារគ្រឿងអលង្ការសកល ដែល រៀបចំឡើងដោយសមាគមគ្រឿងអលង្ការអាស៊ាន និងបានជួបចរចារដោយផ្ទាល់ជាមួយពាណិជ្ជករ ដូចគ្នា ជាមួយអ្នកច្នៃម៉ូដមកពីតំបន់ផ្សេងៗ បានជួបពិភាក្សាកិច្ចការពាណិជ្ជកម្ម លើផលិតផល គ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ ជាមួយសមាគមគ្រឿងអលង្ការអាស៊ាន ក្នុងការស្វែងរកជំនួយ ឧបត្ថម្ភលើផ្នែកបច្ចេកទេស សម្រាប់កែលម្អទីផ្សារជាដើម៕