(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នឹង ប្រកាសដាក់អនុវត្តជាផ្លូវការ ក្នុងនាមរាជរដ្ឋាភិបាល នូវការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យ អ្នកដំណើរតាមផ្លូវអាកាស (GTAS) ដែលជាជំនួយគាំទ្រហិរញ្ញប្បទាន សហប្រតិបត្តិការបច្ចេកទេស និងការបណ្ដុះបណ្ដាល របស់អង្គការគយពិភពលោក ដើម្បីចូលរួមទប់ស្កាត់បទល្មើសឆ្លងដែន តាមបណ្ដាអាកាសយានដ្ឋានអន្តរជាតិ និងជំរុញកំណើនភ្ញៀវទេសចរ។
ការប្រកាសដាក់អនុវត្តជាផ្លូវការ នូវការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យ អ្នកដំណើរតាមផ្លូវ អាកាស នឹងប្រពឹត្តទៅនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ស្អែកនេះ។ ពិធីនេះនឹងធ្វើឡើងក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ ខ្ពស់នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, អគ្គនាយកដ្ឋានគយនិ ងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ, សភាពាណិជ្ជកម្មកម្ពុជា, អគ្គ លេខាធិការដ្ឋានអង្គការគយពិភពលោក (World Customs Organization – WCO) និងបណ្ដា ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិហោះហើរចេញ-ចូលកម្ពុជា។
ការអនុវត្តប្រព័ន្ធដែលជាឧបករណ៍បច្ចេកវិទ្យាថ្មី របស់រាជរដ្ឋាភិបាលក្នុងពេលនេះ ដើម្បីតភ្ជាប់ និង បញ្ជូនទិន្នន័យព័ត៌មានអ្នកដំណើរជាមុន និងកំណត់ត្រាឈ្មោះអ្នកដំណើរ ពីបណ្ដាក្រុមហ៊ុនអាកាស ចរណ៍ជាតិ និងអន្តរជាតិ ហោះហើរចេញ-ចូលកម្ពុជា មកកាន់ប្រព័ន្ធ GTAS ឆ្លងកាត់តាមថ្នាល ផ្លាស់ប្តូរទិន្នន័យកម្ពុជា ដែលស្ថាប័នមានសមត្ថកិច្ច អាចប្រើប្រាស់ដើម្បីវិភាគហានិភ័យ តាមតួនាទី និងភារកិច្ចរៀងៗខ្លួន។
ការសម្រេចបាននូវសមិទ្ធផលខាងលើនេះ គឺជាជោគជ័យថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា លើការអនុវត្តភារកិច្ចរបស់ខ្លួន ស្របតាមកម្មវិធីសន្តិសុខរបស់អង្គការគយពិភពលោក ក្នុងការប្រើ ប្រាស់ព័ត៌មាន API/PNR ដើម្បីត្រួតពិនិត្យការធ្វើដំណើរ របស់បុគ្គលមានហានិភ័យខ្ពស់ទាំងឡាយ ដែលស្ថិតក្រោមស្មារតីសេចក្តីសម្រេចជាបន្តបន្ទាប់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា ជាតិ។ ប្រព័ន្ធនេះនឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដូចជាបង្កើនប្រសិទ្ធភាពការងាររបស់ អគ្គ នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, ចូលរួមទប់ស្កាត់បទល្មើសឆ្លងដែន តាមបណ្ដាអាកាសយាន ដ្ឋានអន្តរជាតិ, ចូលរួមប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម, ចូលរួមប្រឆាំងនឹងចរាច រណ៍គ្រឿងញៀន, លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មស្របច្បាប់ និងចូលរួមជំរុញរំហូរភ្ញៀវទេសចរ, មិនតម្រូវឱ្យយកកម្រៃសេវាពីភ្ញៀវទេសចរ និងមិនតម្រូវឱ្យបន្ថែមបន្ទុកចំណាយថវិការដ្ឋ ដែលជា ការចូលរួមគាំទ្រដល់ ផែនទីចង្អុលផ្លូវ ស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានដាក់ចេញកាលពីពេលថ្មីៗកន្លងមក ៕