(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោក Andre Spiegel នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចូលជួប សម្តែងការគួរសម និងពិភាក្សាអំពីការបន្តកិច្ចសហការ រវាងក្រសួងសុខាភិបាល ជាមួយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា។
កិច្ចពិភាក្សានេះផ្ដោតសំខាន់ដំបូងគេ គឺកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ហើយក្រៅពីនោះគឺកិច្ចសហប្រតិបត្តិការពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាល ជាពិសេសលើផ្នែកមន្ទីរ ពិសោធន៍ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការគាំទ្រក្រសួងសុខាភិបាលជា បន្តទៀត។
លោក លោកជំទាវ យក់ សម្បត្តិ បានថ្លែងអំណរគុណដល់កិច្ចសហប្រតិបត្តិការគាំទ្រ ជាពិសេស ទៅលើផ្នែកបច្ចេកទេសបណ្ដុះបណ្ដាលធនធានមនុស្សមន្ទីរពិសោធន៍ និងការស្រាវជ្រាវ ដល់មន្ត្រី សុខាភិបាល កន្លងមក ហើយលោកស្រីអះអាងថា ក្រសួងនឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយ ប៉ាស្ទ័របន្តទៀត។
លោកជំទាវបានបន្ថែមថា វិទ្យាស្ថានប៉ាស្ទ័របាន បន្តជួយក្រសួងសុខាភិបាលកម្ពុជា ទៅលើការ ពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល លើផ្នែកមន្ទីរពិសោធន៍ និងផ្នែកសិក្សាស្រាវជ្រាវពីជំងឺឆ្លងផ្សេងៗ និងការសិក្សាស្រាវជ្រាវផ្សេងៗ។ ចាប់តាំងពីជំងឺកូវីដ១៩ ផ្ទុះឡើង វិទ្យាស្ថានប៉ាស្ទ័រជួយទាំងការ ពិនិត្យសំណាក់រកមេរោគកូវីដ១៩។ ទន្ទឹមនឹងនេះដែរ ក៏បានជួយដល់មន្ទីរពេទ្យពិសោធន៍កម្ពុជា ទូទាំងប្រទេស ជាពិសេសវិទ្យាស្ថានស្រាវជ្រាវសាធារណៈ៕