(ក្រុងប៉េកាំង)៖ ធនាគារកណ្តាលនិងនិយតករធានារ៉ាប់រងរបស់ប្រទេសចិនជំរុញឲ្យស្ថាប័នហិរញ្ញវត្ថុបង្កើនការគាំទ្រថែមទៀតដល់វិស័យសេវាកម្មដែលពឹងផ្អែកខ្លាំងលើទំនាក់ទំនងផ្ទាល់ និងក្រុមហ៊ុន តូចៗដែលរងផលប៉ះពាល់ដោយការផ្ទុះឡើងកូវីដ-១៩។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានរបស់ធនាគារកណ្តាលចិនថា ការគាំទ្រផ្នែកហិរញ្ញវត្ថុគួរតែត្រូវបានផ្តល់អាទិភាពដល់វិស័យសំខាន់ៗ រួមទាំងវិស័យដឹក ជញ្ជូនទំនិញ និងវិស័យប្រើប្រាស់ផងដែរ។
សេចក្តីប្រកាសព័ត៌មាននេះត្រូវបានចេញផ្សាយនៅថ្ងៃពុធ បន្ទាប់ពីមានការរៀបចំកិច្ចប្រជុំមួយដែល មានការចូលរួមដោយមន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុកំពូលៗកាលពីថ្ងៃអង្គារ ដែលរួមមានតាំងលោក Pan Gongsheng អភិបាលរងធនាគារកណ្តាលចិន និងលោក Xiao Yuanqi អនុប្រធានគណៈកម្មការ និយតកម្មធនាគារនិងធានារ៉ាប់រងរបស់ប្រទេសចិនផងដែរ។
សេចក្តីប្រកាសព័ត៌មានដដែលនេះបានឱ្យដឹងថា ការកែសម្រួលវិធានការហិរញ្ញវត្ថុដែលមានភាពបត់ បែនគួរតែត្រូវបានធ្វើឡើងដើម្បីផ្តល់លទ្ធភាពដល់ការបញ្ជាំទ្រព្យសម្រាប់កម្ចីទិញផ្ទះសម្រាប់អ្នកទិញផ្ទះដែលរងផលប៉ះពាល់ដោយការផ្ទុះជំងឺកូវីដ។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រធនាគារកណ្តាលចិននឹងកាត់បន្ថយបរិមាណសាច់ប្រាក់ដែលធនាគារនានាត្រូវរក្សាទុកធ្វើជាប្រាក់បម្រុង ដែលជាការកាត់បន្ថយជាលើកដំបូងក្នុងឆ្នាំនេះ។ វិធានការនេះនឹងជួយឱ្យមានការបញ្ចេញប្រហែល ៥៣០ប៊ីលានយន់ (៨៣,២៥ប៊ីលានដុល្លារ) ទៅក្នុងសាច់ប្រាក់ងាយស្រួលរយៈពេលវែងដើម្បីជំរុញកំណើនសេដ្ឋកិច្ចដែលកំពុងថមថយកំណើន ហើយនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី២៥ ខែមេសាទៅ។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះ ធនាគារកណ្តាលចិនបានឱ្យដឹងថា ប្រសិទ្ធភាពនៃគោល នយោបាយគឺអាស្រ័យលើការកែតម្រូវរូបិយវត្ថុ ដែលត្រូវបានបញ្ជូនបន្តយ៉ាងពេញលេញទៅកាន់ សេដ្ឋកិច្ចដើម្បីបញ្ចេញអត្ថប្រយោជន៍ឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។
ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនបានកើនឡើង ៤,៨ភាគរយនៅក្នុងត្រីមាសទី១ ធៀបនឹងរយៈពេលដូចក្នាកាលពីឆ្នាំមុន ប៉ុន្តែការធ្លាក់ទិន្នន័យសេដ្ឋកិច្ចសំខាន់ៗកាលពីខែមីនា បាន បង្កឱ្យមានហានិភ័យចំពោះទស្សនវិស័យសម្រាប់សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕