(វ៉ាស៊ីនតោន)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា ការពិភាក្សាជាមួយប្រទេសស្រីលង្កា អំពីកម្មវិធីកម្ចីដែលអាចកើតមានណាមួយរបស់ IMF ស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ហើយ កិច្ចព្រមព្រៀងណាមួយនឹងតម្រូវឱ្យមាន «ការធានាគ្រប់គ្រាន់» ថា បំណុលរបស់ប្រទេសដីកោះមួយ នេះអាចស្ថិតនៅលើផ្លូវប្រកបដោយនិរន្តរភាព។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលបានផ្ញើទៅកាន់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក Masahiro Nozaki ប្រធានផ្នែកបេសកកម្មរបស់ IMF ប្រចាំប្រទេសស្រីលង្កាបាននិយាយថា លោកស្រី Kristalina Georgieva អគ្គនាយកមូលនិធិ IMF បានពិភាក្សាអំពីជម្រើសផ្តល់ប្រាក់កម្ចី និងផែន ការគោលនយោបាយជាមួយគណៈប្រតិភូស្រីលង្កាកាលពីថ្ងៃអង្គារ។
លោក Nozaki មានប្រសាសន៍ថា៖ «កម្មវិធីដែលគាំទ្រដោយ IMF គួរតែត្រូវបានបង្កើតឡើងដើម្បី ដោះស្រាយបញ្ហាជញ្ជីងទូទាត់ធ្ងន់ធ្ងររបស់ប្រទេសស្រីលង្កា និងធ្វើឱ្យសេដ្ឋកិច្ចវិលមករកមាគ៌ា កំណើនប្រកបដោយនិរន្តរភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា សេចក្តីប្រកាសព័ត៌មាននេះបានធ្វើឡើងបន្ទាប់ពីការតវ៉ា ដែលជាការឆ្លើយតបទៅនឹងកង្វះប្រេងឥន្ធនៈ និងទំនិញសំខាន់ៗផ្សេងទៀតបានបង្កឱ្យមានមនុស្ស ស្លាប់កាលពីថ្ងៃអង្គារ ហើយរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសនេះ បានស្នើសុំជាផ្លូវការពីមូលនិធិ IMF នូវកម្ចីពីយន្តការហិរញ្ញវត្ថុរហ័ស (RFI) សម្រាប់ប្រទេសដែលត្រូវការការគាំទ្រដល់ជញ្ជីងទូទាត់ជា បន្ទាន់នេះ។
លោក Nozaki បានថ្លែងទៀតថា មូលនិធិ IMF «មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីវិបត្តិសេដ្ឋកិច្ច បច្ចុប្បន្ននៅក្នុងប្រទេសស្រីលង្កា និងការលំបាកដែលប្រជាពលរដ្ឋកំពុងទទួលរងគ្រោះ ជាពិសេស អ្នកក្រីក្រ និងងាយរងគ្រោះ»។
ប៉ុន្តែលោកបានកត់សម្គាល់ថា បុគ្គលិក IMF បានសម្រេចកាលពីខែមុនក្នុងការពិនិត្យមើលសេដ្ឋ កិច្ចប្រចាំឆ្នាំថា បំណុលសាធារណៈរបស់ស្រីលង្កាមិនមាននិរន្តរភាពទេ ហើយប្រទេសនេះចាំបាច់ ត្រូវចាត់វិធានការដើម្បីស្តារនិរន្តរភាពបំណុល មុនពេលមានការផ្តល់ប្រាក់កម្ចីរបស់ IMF ណាមួយ រួមទាំងកម្ចីពី RFI ផងដែរ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការស្ដារឡើងវិញនូវនិរន្តរភាពបំណុលបែបនេះ ជាធម្ម តាទាមទារឱ្យមានការរៀបចំរចនាសម្ព័ន្ធឡើងវិញ ឬកែប្រែមុខមាត់បំណុលសាធារណៈឡើងវិញ ដែលនៅក្នុងករណីរបស់ប្រទេសស្រីលង្កានឹងតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការពីប្រទេសចិន ដែល ជាម្ចាស់បំណុលធំមួយរបស់ប្រទេសនេះ។
លោក Nozaki បានបន្ថែមថា៖ «ការពិចារណាទាំងនេះនឹងត្រូវពិនិត្យមើលសម្រាប់ការបញ្ចេញកម្ចីពី RFI ដែលអាចកើតមានឡើងណាមួយសម្រាប់ស្រីលង្កា នៅពេលដែលទទួលបានការធានាគ្រប់គ្រាន់ ថា និរន្តរភាពបំណុលនឹងត្រូវបានដោះស្រាយ»៕