សម្តេចតេជោ ហ៊ុន សែន លើកឡើងថា កម្ពុជាជាប្រទេស មានអ្នកឆ្លងជំងឺកូវីដ១៩ តិចជាងគេបំផុត នៅតំបន់អាស៊ាន


(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា កម្ពុជា ជាប្រទេស ដែលមានចំនួនអ្នកឆ្លងជំងឺកូវីដ១៩ តិចជាងគេបំផុត នៅ ក្នុងតំបន់អាស៊ាន។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវនេះ កម្ពុជាក្លាយទៅជាប្រទេសទី១០ របស់អាស៊ាន ដែលមានមនុស្សឆ្លងតិចជាងគេ»

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសប្រ៊ុយណេ មានប្រជាពលរដ្ឋត្រឹម៤៤ម៉ឺននាក់ ចំនួន អ្នកឆ្លងបានឡើងដល់១៤ម៉ឺននាក់ ក្នុងពេលដែលកម្ពុជា មានប្រជាពលរដ្ឋ១៧លាននាក់ គឺអ្នកឆ្លង ត្រឹម១៣ម៉ឺននាក់ និងឡាវ មានអ្នកឆ្លង២០ម៉ឺននាក់ ក្នុងចំណោមប្រជាពលរដ្ឋ៧លាននាក់។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រាប់ឲ្យត្រូវបន្ដតាមដានជាប់ជាប្រចាំ និងគ្រប់គ្រងឲ្យ ជាប់ ចំពោះបញ្ហាកូវីដ-១៩ ហើយក្នុងករណីចាំបាច់ ត្រូវមានវិធានការភ្លាមៗ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា បញ្ហាទប់ស្កាត់កូវីដ១៩ មិនមែនស្ថិតនៅលើប្រទេស ដែលមានវិស័យសុខាភិបាលទន់ខ្សោយនោះទេ ប៉ុន្តែស្ថិតនៅលើវិធានការការពារ និងការចូលរួម ពីពលរដ្ឋ៕