នាយករដ្ឋមន្ត្រីសូឡូម៉ុននិយាយថា កិច្ចព្រមព្រៀងសន្តិសុខជាមួយចិន នឹងមិនបំផ្លាញដល់សន្តិភាព ក្នុងតំបន់ទេ

 (ស៊ីដនី)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារ ព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ គឺនាយករដ្ឋមន្ត្រីនៃប្រទេសដែនកោះសូឡូម៉ុន (Solomon) លោក ម៉ាណាស់ សេហ៍ សូហ្កាវ៉ា (Manasseh Sogavare) បានប្រាប់សភានៅថ្ងៃពុធនេះថា ការសម្រេចចិត្តរបស់ សូឡូម៉ុន ក្នុងការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសន្តិសុខជាមួយ ចិន នឹងមិនធ្វើឱ្យប៉ះ ពាល់ដល់សន្តិ ភាព និងភាពសុខដុមនៅក្នុងតំបន់នោះទេ។

បើតាមលោក Sogavare កិច្ចព្រមព្រៀងខាងលើ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំង២ ពោលគឺរយៈពេល ១ថ្ងៃ បន្ទាប់ពីចិនបានប្រកាសពីការចុះហត្ថលេខានេះនៅ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅទីក្រុងប៉េកាំង។

ការប្រកាសនេះ បានកើតឡើងក្នុងពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលគណៈប្រតិភូសេតវិមាន រួមទាំងមន្រ្តីសម្របសម្រួលអាមេរិក ប្រចាំឥណ្ឌូប៉ាស៊ីហ្វិក លោក ឃឺត ខេមប៊ែល (Kurt Campbell) នឹងធ្វើដំណើរទៅដល់ទីក្រុងហូនីយ៉ារ៉ា (Honiara) នៃប្រទេស ដែនកោះសូឡូម៉ុន ខណៈមានការ ព្រួយបារម្ភយ៉ាងខ្លាំងរបស់អូស្រ្តាលី អំពីសក្តានុពលនៃវត្តមានយោធាចិននៅលើដែនកោះសូឡូម៉ុន ដែលស្ថិតនៅចម្ងាយតិចជាង ២,០០០គីឡូម៉ែត្រពីគ្នា។

លោក Sogavare បានបន្ថែមដូច្នេះថា «កិច្ចព្រមព្រៀងនេះនឹងត្រូវបានលាតត្រដាងបន្ទាប់ពីវាត្រូវ បានដំណើរការ ហើយកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយចិន មិនមែនសំដៅលើប្រទេសណាមួយ ឬសម្ព័ន្ធមិត្តខាងក្រៅនោះទេ ផ្ទុយទៅវិញគឺសំដៅ លើស្ថានភាពសន្តិសុខផ្ទៃក្នុងរបស់សូឡូម៉ុនផ្ទាល់។ ដូច្នេះ ខ្ញុំសូមស្នើឱ្យអ្នកជិតខាង មិត្ត និងដៃគូរបស់យើងទាំងអស់ គោរពផលប្រយោជន៍អធិបតេយ្យ ភាពនៃប្រទេសដែនកោះសូឡូម៉ុន ដោយធានាថាការសម្រេចចិត្ត នឹងមិនប៉ះពាល់ ឬធ្វើឱ្យខូចដល់ សន្តិភាព និងភាពសុខដុមក្នុងតំបន់របស់យើងនោះទេ»