(ភ្នំពេញ)៖ រយៈពេល៣ខែដើមឆ្នាំ២០២២នេះ ការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ ឬគ្រាប់ឆៅមិនទា ន់កែច្នៃមានបរិមាណជាង ២៧ម៉ឺនតោន ធ្លាក់ចុះប្រហែល៤០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ស្របពេលការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ មានបរិមាណ២១៣តោនកើនឡើងជាង ៣០០%។ នេបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម។
របាយការណ៍ក្រសួងកសិម្មបញ្ជាក់ថា ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២២ កម្ពុជាបាននាំចេញគ្រាប់ ស្វាយចន្ទីកែច្នៃចំនួន ២១៣.៤១ តោន កើនឡើង ៣១១.៨៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ ២០២១ ក្នុងនោះនាំចេញទៅប្រទេសចិន ១២៣.៣៨ តោន, ថៃ ៧៦ តោន, ជប៉ុន ១២.១០ តោន និងកោះតៃវ៉ាន់ ១.៩៣តោន។ ចំណែកការនាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន ២៧១៩៩៤.៤៨ តោនធ្លាក់ចុះ៣៩.៦៧% ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ២៧១៩៨០.៩០តោន និងប្រទេសចិនចំនួន ១៣.៥៨តោន។
ថ្លែងប្រាប់នៅថ្ងៃទី១៨ ខែមេសានេះ លោក អួន ស៊ីឡូត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យ ដឹងថា ការបញ្ជាទិញគ្រាប់ស្វាយចន្ទីឆៅពីប្រទេសវៀតណាម បានធ្លាក់ជាងឆ្នាំមុន ព្រោះភាគច្រើន ទីផ្សារគ្រាប់ស្វាយចន្ទីឆៅ ពឹងផ្អែកទៅលើប្រទេសវៀតណាម ស្ទើរតែ៩០%។ លោកបានជំរុញឱ្យមានការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកបន្ថែម ដើម្បីកសិករលក់បានក្នុងតម្លៃថ្លៃ ដោយមិនឆ្លងកាត់ឈ្មួញកណ្តាល។
លោកបន្តថា «ការកែច្នៃក្នុងស្រុកគឺល្អ ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃក្នុងស្រុកកើន៣០០% មិន ច្រើនទេ។ ការកែច្នៃក្នុងស្រុក កសិករអាចលក់ផ្ទាល់ ទៅរោងចក្រកាត់បន្ថយឈ្មួញកណ្តាលច្រើន ណាស់។ រោងចក្រទិញតម្លៃថ្លៃ កសិករគាត់លក់ទៅឱ្យរោងចក្រក្នុងតម្លៃថ្លៃ តម្លៃដែលអាចទទួល យកបាន តែបើគាត់លក់ទៅតាមឈ្មួញកណ្តាលត្រូវឆ្លងកាត់៣ ទៅ៤ដំណាក់កាល ទម្រាំដល់រោង ចក្រ។ មួយទៀត រោងចក្រក្នុងស្រុកគាត់ជួយបង្កើតការងា រនៅក្នុងសហគមន៍បានទៀត»។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះមានក្រុមហ៊ុនមួយចំនួនបានបញ្ជា ទិញគ្រាប់ស្ងួតពីកសិករ រួមមាន ក្រុមហ៊ុន Ample ចំនួន២ពាន់តោន, ក្រុមហ៊ុន Olam ត្រូវការ ៤ពាន់តោន, ក្រុមហ៊ុន Akapura ចំនួន៤ពាន់តោន, ក្រុមហ៊ុន Intersnack ចំនួន២ពាន់តោន, ក្រុមហ៊ុន wellwilling ២ពាន់តោន រួមនឹងសហគ្រាសក្នុងស្រុកផ្សេងទៀត ដូចជា សហគ្រាស ឆុនហាយ, សហគ្រាសជ័យសំបូរ និងសិប្បកម្មស្ទឹងត្រែង សរុបប្រមាណជាង២ម៉ឺនតោន។ ជាមួយគ្នានេះ ក្រុមហ៊ុន Santana មានរោងចក្រនៅខេត្តព្រះវិហារ ដែលតែងតែទិញ ២០០០០ តោន ក្នុង១ឆ្នាំ ក៏បានចាប់ផ្តើមប្រមូលទិញគ្រាប់ស្ងួតពីកសិករផងដែរ។
តែយ៉ាងណាតម្លៃគ្រាប់ស្វាយចន្ទីឆ្នាំនេះ មិនសូវល្អប៉ុន្មានទេ ដោយគ្រាប់ស្ងួតលក់បានតែចន្លោះ ពី១៣០០ ទៅ១៥០០ដុល្លារក្នុងមួយតោន ខុសពីឆ្នាំមុនលក់បានពីចន្លោះ១៣០០ដុល្លារទៅ ១៦០០ដុល្លារ ក្នុងមួយតោន ដោយសារតែអាកាសធាតុប្រែប្រួលធ្វើឱ្យគ្រាប់ថយគុណភាពជាងមុន ខណៈ ទិន្នន័យនេះអាចនឹងធ្លាក់ចុះ ១០%។
ទន្ទឹមគ្នានេះដែរ កសិករមួយចំនួនបានបង្ខំលក់គ្រាប់ស្វាយចន្ទីសើម ទៅឱ្យឈ្មួញវៀតណាម ក្នុង តម្លៃចន្លោះពី២៩០០រៀល ទៅ៤២០០រៀលប៉ុណ្ណោះ ដោយសារតែអ្នកខ្លះខ្វះឃ្លាំងសម្រាប់ស្តុកទុក ខ្វះទីលានហាល និងកសិករមួយចំនួនជាប់បំណុលធនាគារ។ លោកបន្តថា អ្នកទិញមកពីវៀតណាម ចូលចិត្តទិញគ្រាប់សើមក្នុងតម្លៃថោក យកមកហាលនៅតាមព្រំដែន សម្រាំងគុណភាពគ្រាប់ គ្រាប់ គុណភាពល្អលក់ឲ្យរោងចក្រ គ្រាប់អន់លក់ឲ្យរោងចក្រកៀបប្រេង៕