(ភ្នំពេញ)៖ សៀវភៅសិក្សាផ្នែកភាសារអង់គ្លេស សម្រាប់សិក្សាកម្រិតថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំនួន ១៧ ៥០០ក្បាល ត្រូវបានវិស័យឯកជនប្រគល់ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជាការចូលរួមចំណែកជួយពង្រឹកផ្នែកភាសាអង់គ្លេស ដល់សិស្សានុសិស្ស ឱ្យបានសិក្សារៀនសូត្រ នៅតាមសាលាដាច់ស្រយាល និងសាលាដែលមានតម្រូវការសៀវភៅ ផ្នែកភាសាអង់គ្លេស។
ពិធីប្រគល់-ទទួលនេះដែរ បានធ្វើឡើងនៅ ទីស្តីការក្រសួងនារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា និងលោក ម៉េង ហៀង អគ្គនាយកក្រុមហ៊ុនម៉ូនូមែនប៊ុក និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ និងក្រុមការងារក្រុមហ៊ុន ម៉ូនូមែនប៊ុកផងដែរ។
លើកឡើងនាឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ម៉ូនូមែនប៊ុក ដែលបានឧបត្តម្ភសៀវភៅភាសាអង់គ្លេសទាំងនេះ និងបានចូលរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយដល់សាលាដែលខ្វះខាត និងមានតម្រូវការសៀវភៅភាសាអង់គ្លេស។
ឯកឧត្តម បណ្ឌិតសភាចារ្យ បានបញ្ជាក់ទៀតថា សៀវភៅភាសាអង់គ្លេសទាំងនេះ នឹងចែកជូននៅតាមសាលារៀននៅក្នុងស្រុកកងមាស សាលារៀនជំនាន់ថ្មី ក្នុងវិទ្យាល័យ ស៊ីសុវត្តិ និងសាលារៀនមួយចំនួនតាមរាជធានី-ខេត្ត ដើម្បីចែកឱ្យសិស្សានុសិស្ស សិក្សារៀនសូត្រ និងបំប៉នភាសាបរទេសរបស់ពួកគេផងដែរ។
លោក ម៉េង ហៀង បានឱ្យដឹងដែរថា ដោយមើលឃើញថាសិស្សនិស្សិតភាគច្រើន បានទទួលសេវាបង្រៀន និងរៀនតាមវិធីសាស្រ្តថ្មី Online ដោយឡែកសិស្សានុសិស្ស នៅជនបទអាចជួបប្រទះបញ្ហាប្រឈមក្នុងការទទួលសេវាអប់រំ ដោយសារកង្វះគ្រឿងអេឡិចត្រូនិច និងសៀវភៅសិក្សា ក្នុងឆ្នាំ២០២១ អំឡុងវិបត្តិកូវីដ-១៩ លោកក៏បាន បរិច្ចាកសៀវភៅសិក្សាភាសាអង់គ្លេសចំនួន ១៨,០០០ក្បាល ជូនដល់សាលារៀននៅស្រុកសូត្រនិគម ខេត្តសៀមរាប ស្រុកកោះសូទិន និងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ព្រមទាំងបណ្តាអង្គការមួយចំនួនដូចជា World Vision Cambodia Children’s Fund និងស្ថានទូតអូស្រ្តាលីជាដើម។
លោក ម៉េង ហៀង បានបន្តថា ជាមួយគ្នានោះលោកក៏បានបរិច្ចាកសៀវភៅសិក្សាភាសាអង់គ្លេសចំនួន ១៧,៥០០ក្បាល គិតជាទឹកប្រាក់ប្រមាណ ១០ម៉ឺនដុល្លារអាមេរិក ដើម្បីចូលរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយដល់សាលាដែលខ្វះខាត និងមានតំរូវការសិក្សាភាសាអង់គ្លេសផងដែរ៕