(ម៉ូស្គូ)៖ មហាសេដ្ឋីដែករុស្ស៊ីលោក Vladimir Lisin ដែលជាប់ឈ្មោះក្នុងទស្សនាវដ្តី Forbes ថាជា បុរសមានបំផុតទីបីរបស់រុស្ស៊ីបានឱ្យដឹងនៅថ្ងៃអង្គារថា ផែនការរបស់ទីក្រុងម៉ូស្គូក្នុងការទូទាត់ជា ប្រាក់រូបរុស្ស៊ីសម្រាប់ការនាំចេញរបស់ខ្លួននឹងធ្វើឱ្យខូចគោលជំហររបស់ប្រទេសនេះនៅលើទីផ្សារពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
លោកក៏បានរិះគន់ផងដែរចំពោះគម្រោងដកមូលបត្រប្រភេទ depositary receipts របស់ក្រុមហ៊ុន រុស្ស៊ីចេញពីផ្សារហ៊ុនបរទេស ដោយលោកបានថ្លែងថា ការធ្វើដូចនេះនឹងបង្កើនហានិភ័យ និងធ្វើ ឱ្យប៉ះពាល់ដល់សិទ្ធិរបស់ម្ចាស់ភាគហ៊ុន។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍កន្លងមកថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាន ចេញបញ្ជាថា ឧស្ម័នធម្មជាតិដែលភាគច្រើននាំចេញទៅកាន់អឺរ៉ុប ត្រូវទូទាត់ជាប្រាក់រូប ជំនួសឱ្យរូបិ យប័ណ្ណបរទេសបន្ទាប់ពីរងទណ្ឌកម្មពីប្រទេសលោកខាងលិចដោយសារការឈ្លានពានរបស់ប្រទេសនេះលើប្រទេសអ៊ុយក្រែន។
ប្រទេសផ្សេងៗនៅអឺរ៉ុបបានច្រានចោលការទាមទារនេះ ដោយប្រទេសអាល្លឺម៉ង់បានឱ្យដឹងថា ការ ទាមទារឱ្យទូទាត់ជាប្រាក់រូបនេះស្មើនឹង «ការគំរាមទារប្រាក់»។
អ្នកនយោបាយមួយចំនួន រួមទាំងប្រធានសភាជាន់ទាបរបស់រុស្ស៊ី លោក Vyacheslav Volodin បានស្នើថា រុស្ស៊ីគួរតែលក់ប្រេង គ្រាប់ធញ្ញជាតិ លោហធាតុ ជី ធ្យូងថ្ម និងឈើសម្រាប់រូបនៅលើ ទីផ្សារពិភពលោក ដែលផ្តល់ប្រាក់ចំណេញ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីលោក Lisin ថា៖ «អស់ជាច្រើនទស្ស វត្សរ៍មកហើយ យើងបានប្រយុទ្ធដើម្បីទីផ្សារនាំចេញ… យើងបាននិងកំពុងបង្កើតទំនាក់ទំនងជាមួយ អតិថិជនរាប់ពាន់នាក់ក្នុង ៧០ប្រទេស។ វាពិបាកក្នុងការស្រមៃមើលថាតើអ្វីដែលនឹងបញ្ចុះបញ្ចូលអ្នកទិញរបស់យើងឱ្យប្តូរទៅរកការទូទាត់ជាប្រាក់រូប ហើយប្រឈមនឹងហានិភ័យរូបិយប័ណ្ណ»។
លោកមានប្រសាសន៍ថា៖«បញ្ហាឡូជីស្ទិកបានបង្ករភាពស្មុគស្មាញក្នុងការដឹកជញ្ជូនទំនិញរួចទៅហើយ។ការងាកទៅរកការទូទាត់ជាប្រាក់រូបនឹងគ្រាន់តែបោះយើងខ្លួនឯងចេញពីទីផ្សារអន្តរជាតិប៉ុណ្ណោះ»៕