(តូក្យូ)៖ តាមការចេញផ្សាយដោយ សារព័ត៌មាន NHK នៅថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២ អោយដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្ត ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយ នាថ្ងៃអង្គារនេះថា នឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ទំហំ ១០០លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ប្រជាជន ដែល កំពុងបន្តជួបទុក្ខលំបាក នៅក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជានៅតាមបណ្តាប្រទេសក្បែរខាង។
ការសម្រេចខាងលើធ្វើឡើង បន្ទាប់ពីការប្រកាសគ្រោងផ្តល់ជំនួយបន្ថែមដល់អ៊ុយក្រែន ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៉ីដា (Fumio Kishida) កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ ដើម្បីឆ្លើយតបចំពោះតម្រូវការចាំបាច់ នៅក្នុងផ្នែកដូចជាសុខាភិបាល, ស្បៀងអាហារ, និងការ ការពារជនភៀសខ្លួន ទាំងនៅក្នុងអ៊ុយក្រែនផ្ទាល់ និងនៅតាមប្រទេសជិតខាង ដូចជាម៉ុលដាវី, ប៉ូឡូញ, ហុងគ្រី, រ៉ូម៉ានី និងស្លូវ៉ាគី៕