សហរដ្ឋអាមេរិកថា ប្ដេជ្ញាចិត្តជួយតៃវ៉ាន់ឱ្យមានសមត្ថភាពការពារខ្លួនឯង


 (តៃប៉ិ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ បញ្ជាក់ថា មន្ត្រីការទូតអាមេរិកជាន់ខ្ពស់ម្នាក់នៅក្នុងទីក្រុងតៃប៉ិ បាននិយាយថា សម្ពាធការទូត និងយោធារបស់ចិនលើកោះតៃវ៉ាន់ គឺជាការគំរាមកំហែងដល់ប្រទេសប្រជាធិប តេយ្យទាំងអស់ ហើយសហរដ្ឋអាមេរិកប្ដេជ្ញាចិត្តជួយដល់ដែនកោះមួយនេះឱ្យមានសមត្ថភាពការពារ ខ្លួនឯង។ លោកស្រី សាន់ដ្រា អោដឃើក (Sandra Oudkirk) ជានាយកវិទ្យាស្ថានអាមេរិកាំង (American Institute) ប្រចាំកោះតៃវ៉ាន់ ធ្វើការកត់សម្គាល់ បែបនេះនៅឯព្រឹត្តិការណ៍មួយរៀបចំ ឡើងដោយសភាពាណិជ្ជកម្មអាមេរិក ក្នុងទីក្រុងតៃប៉ិក កាលពីថ្ងៃពុធសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះលោកស្រីបានបន្ថែមដូច្នេះថា «សាធារណរដ្ឋប្រជាមានិតចិននៅតែបន្តបង្កើនការដាក់សម្ពាធយោធា ការទូត និងសេដ្ឋកិច្ចលើកោះតៃវ៉ាន់ ហើយ សម្ពាធទាំងនេះមិនមែនមានត្រឹមតែ លើតៃវ៉ាន់ប៉ុណ្ណោះទេ។ សកម្មភាពយោធារបស់ចិនៅក្បែរតៃវ៉ាន់ ក៏បាននិងកំពុងបង្កអស្ថិរភាព, ហានិភ័យ និងបំផ្លាញសន្តិភាព ព្រមទាំងសណ្ដាប់ធ្នាប់ក្នុងតំបន់ផងដែរ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ឡើយ តែទីក្រុងវ៉ាស៊ីន តោនគឺជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំឱ្យដែនកោះ មួយនេះដែលចិនចាត់ទុកថាត្រឹមតែជាខេត្តមួយរបស់ខ្លួន ហើយបានព្រមានថានឹងប្រើកម្លាំងយោធាភ្លាមៗ នៅក្នុងករណីចាំបាច់៕