សេតវិមានអោយដឹងថា ជំនួបរវាងលោក បៃដិន និងលោក ពូទីន អាចធ្វើទៅបាន បើជម្លោះនៅអ៊ុយ ក្រែន ពិតជាថមថយ


 (វ៉ាស៊ីនតោន)៖  យោងតាមនាយកទំនាក់ទំនងសេតវិមាន ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារ សារព័ត៌មាន TASS នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់ថា ជំនួបរវាងប្រធានាធិបតី អាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងធ្វើទៅបាន លុះត្រាតែ រុស្ស៊ី អនុវត្តតាមពាក្យសន្យាក្នុងការបន្ធូរបន្ថយជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។

លោកស្រី ខេត បេឌីងហ្វៀល (Kate Bedingfield) ធ្វើការកត់សម្គាល់ខាងលើ ប្រាប់អ្នកសារព័ត៌ មាននៅថ្ងៃអង្គារសប្ដាហ៍នេះ និងបន្ទាប់ពីរុស្ស៊ី បានសន្យាថានឹងការបន្ថយសកម្មភាពយោធានៅ ជុំវិញរដ្ឋធានីកៀវ (Kyiv) និងទីក្រុងឆែរនីហៀវ (Chernihiv)។ ថ្លែងនាឱកាសនោះ លោកស្រី បាន បញ្ជាក់ដូច្នេះថា «គាត់ (លោក បៃដិន) កាលពីម្សិលមិញ (ថ្ងៃចន្ទ) បាននិយាយថាលោកមានបំណង ជួបជាមួយលោក ពូទីនជាថ្មី ឬក៏និយាយ ទៅកាន់គាត់។ ប៉ុន្តែ ខ្ញុំមិនអាចកំណត់លក្ខខណ្ឌទុកជាមុន សម្រាប់កិច្ចសន្ទនារវាងលោក បៃដិន និងលោក ពូទីននោះទេ លើកលែងតែរុស្ស៊ីពិតជា បន្ធូរបន្ថយ ជម្លោះ និងមានការប្ដេជ្ញាចិត្តចំពោះការទូតពិតប្រាកដ»។

សូមជម្រាបថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក ចូ បៃដិន បាននិយាយថាជំនួបទល់មុខជាមួយ លោក ពូទីន អាចនឹងធ្វើទៅរួច តែលោកនៅតែ មានការសង្ស័យនៅឡើយចំពោះការសន្យាកាត់ បន្ថយសកម្មភាពយោធារបស់រុស្ស៊ី៕