(ភ្នំពេញ)៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២០-២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់ក្រសួងមុខងារសាធារណៈ។
ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការ ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីសំណាក់ កិត្តិបណ្ឌិតទេសរដ្ឋមន្រ្តី កិតិ្តបណ្ឌិតរដ្ឋមន្រ្តី ក្រសួងកិច្ចការនារី បណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា រដ្ឋមន្រ្តីក្រសួងបរិស្ថាន រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក លោកជំទាវជារដ្ឋលេខាធិការតំណាងក្រសួងសា្ថប័នជាសមាជិក គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និង លោក លោកស្រី តំណាងរដ្ឋបាលរាជធានីខេត្ត ទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អង្គភាពក្រោមឱវាទ និងមន្ទីរមុខងារសាធារណ រាជធានីខេត្តសរុបចំនួន ៣៦០នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មា ធិការកែទម្រង់រដ្ឋបាលសាធារណៈបានធ្វើសេចក្តីរាយការណ៍សង្ខេបពីលទ្ធផលសន្និបាតរយៈពេលមួយថ្ងៃកន្លះដោយបានគូសបញ្ជាក់ថា «ទោះបីត្រូវប្រឈមចំពោះផលវិបាកគ្រប់បែបយ៉ាងបង្កដោយកូវីដ-១៩ ក្នុងឆ្នាំ២០២០ និង២០២១កន្លងមក ក្រសួងមុខងារសាធារណៈក៏ដូចជាគណៈកម្មាធិការ កែទម្រង់រដ្ឋបាលសាធារណៈ បានពុះពារជំរុញការងារតាមគន្លងរប្រក្រតីភាពថ្មី សម្រេចបាននូវសមិទ្ធ ផលគួរឱ្យសំគាល់ ប្រមូលផ្តុំលើអភិបាលកិច្ចវិស័យមុខងារសាធារណៈ»។
សមិទ្ធផលដែលសម្រេចបាន គឺអាស្រ័យដោយសារកត្តាចម្បងបីយ៉ាង៖ ១.ការដឹកនាំដោយផ្ទាល់ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើវិស័យមុខងារសាធារណៈ, ២.កិច្ចសហការល្អ ពីក្រសួងស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងមុខងារសាធារណៈ និង ៣. ស្មារតី បំពេញការងារ និងការទទួលខុសត្រូវជារួមរបស់មន្រ្តីរាជការទូទាំងប្រទេស ពិសេសការជំនះពុះពារ ដើម្បីសម្របតាមរបត់នៃការរស់នៅ និងធ្វើការក្នុងបរិបទថ្មីនៃកូវីដ-១៩។
ថ្លែងមតិបិទសន្និបាត លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារសម្រេចបានរបស់ក្រសួងមុខងារសាធារណៈនាពេលកន្លងមក។ ទន្ទឹមនោះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍តម្រង់ទិសដើម្បីធានាប្រសិទ្ធភាពការ ងារគ្រប់គ្រងវិស័យមុខងារសាធារណៈរួមមានចំណុចសំខាន់ៗទាំងឡាយដូចខាងក្រោម៖
ទី១៖ ពន្លឿនការបញ្ចប់សេចក្តីព្រាងកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ ២០២២-២០២៥ ឱ្យបាន ឆាប់ចប់ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលអនុម័ត ព្រមទាំងជំរុញការដាក់ឱ្យអនុវត្តកម្មវិធីជាតិកែ ទម្រង់រដ្ឋបាលសាធារណៈជាដំណាក់កាលៗឱ្យមានប្រសិទ្ធភាពខ្ពស់
ទី២៖ រៀបចំការដាក់ឱ្យអនុវត្តការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំសម្រាប់ កម្រិតអនុវិទ្យាល័យ និងសាលាបឋមសិក្សា និងវិស័យសុខាភិបាល សម្រាប់មណ្ឌលសុខភាព
ទី៣៖ បង្កើតប្រសិទ្ធភាពលើការងារត្រួតពិនិត្យរដ្ឋបាល បៀវត្ស និងការគ្រប់គ្រងក្របខ័ណ្ឌមន្រ្តីរាជ ការស៊ីវិល ព្រមទាំងបន្តផ្តល់ការគាំទ្រដល់ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងរដ្ឋ បាលថ្នាក់ក្រោមជាតិ
ទី៤៖ បន្តការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល ដើម្បីគាំទ្រ ប្រកបដោយប្រសិទ្ធភាពដល់ការគ្រប់គ្រងមុខងារសាធារណៈរបស់រាជរដ្ឋាភិបាល ទាំងសម្រាប់ ក្រសួង-ស្ថាប័នថ្នាក់ជាតិ និងសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ
ទី៥៖ ជំរុញ និងពង្រឹងការងារអធិការកិច្ចក្នុងវិស័យមុខងារសាធារណៈ នៅតាមក្រសួង-ស្ថាប័នថ្នាក់ ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យមានប្រសិទ្ធភាព
ទី៦៖ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីជំរុញ ការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការស៊ីវិលឱ្យកាន់តែទូលំទូលាយ ជាពិសេសម្រាប់មន្រ្តីជាន់ខ្ពស់ និង មន្រ្តីមានតួនាទីដឹកនាំ និងគ្រប់គ្រងអង្គភាពនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ព្រមទាំងពង្រីកវិសាល ភាពនៃការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការស៊ីវិល ជាពិសេសតាមរយៈសាលាភូមិន្ទរដ្ឋបាល ដោយ បង្កើនវគ្គបណ្តុះបណ្តាលខ្លីៗ ដែលឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ក្រសួង-សា្ថប័ន លើកកម្ពស់ ការសិក្សាស្រាវជ្រាវ ចងក្រងករណីសិក្សា និងការរៀបចំវេទិកាផ្លាស់ប្តូរចំណេះដឹង ,បទ ពិសោធន៍ ,ឧត្តមានុវត្តន៍ និងនវានុវត្តន៍ ក្នុងវិស័យសាធារណៈ
ទី៧៖ ចូលរួមក្នុងការពិនិត្យវាយតម្លៃ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈនៅថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមចំពោះការវិភាគមុខងារ រចនាសម្ព័ន្ធ និងបន្ទុកបុគ្គលិក នៃស្ថាប័នសាធារណៈ ព្រមទាំងជំរុញការរៀបចំ និងការដាក់អនុវត្តជាបណ្តើរៗ ប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម
ទី៨៖ បន្តកែលម្អការគ្រប់គ្រង និង ចាត់ចែងការងារក្នុងក្របខ័ណ្ឌក្រសួងមុខងារសាធារណៈប្រកប ដោយនវានុវត្តន៍ និងផ្សារភ្ជាប់ជាមួយនឹងបច្ចុប្បន្នភាពបច្ចេកវិទ្យាឌីជីថល ដើម្បីទទួលបានប្រសិទ្ធ ភាព និងប្រសិទ្ធផលកាន់តែប្រសើរ៕