(វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានប្រកាសដាក់ទណ្ឌកម្មថ្មី បន្ថែមទៀតលើប្រទេស រុស្ស៊ី ដោយផ្តោតលើក្រុមហ៊ុនការពារជាតិរុស្ស៊ីរាប់សិបក្រុមហ៊ុន សមាជិក សភារាប់រយនាក់ និង នាយកប្រតិបត្តិនៃធនាគារធំជាងគេរបស់ប្រទេសនេះ ខណៈដែលក្រុងវ៉ាស៊ីន តោនបង្កើនសម្ពាធលើ ទីក្រុងមូស្គូជុំវិញការលុកលុយអ៊ុយក្រែន។ ក្រសួងរតនាគារសហរដ្ឋអាមេរិកក៏បានចេញសេចក្តីណែនាំនៅលើគេហទំព័ររបស់ខ្លួនដោយព្រមានថាប្រតិបត្តិការទាក់ទងនឹងមាសដែលពាក់ព័ន្ធនឹងប្រទេសរុស្ស៊ីអាចត្រូវបានដាក់ទណ្ឌកម្មដោយអាជ្ញាធរសហរដ្ឋអាមេរិកផងដែរដែលជាវិធានការមួយក្នុងគោលបំណងបញ្ឈប់ប្រទេសរុស្ស៊ីពីការគេចចេញពីទណ្ឌកម្មដែលមានស្រាប់។មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយថា «គោលបំណងរបស់យើងនៅទីនេះគឺដើម្បីដកយកអត្ថប្រយោជន៍និងឯកសិទ្ធិនានាដែលរុស្ស៊ីធ្លាប់ទទួលបានក្នុងនាមជាអ្នកចូលរួមក្នុងសណ្តាប់ធ្នាប់សេដ្ឋកិច្ចអន្តរជាតិ»។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានដាក់ទណ្ឌកម្មជាច្រើនលើក រួមទាំងកំណត់គោល ដៅលើធនាគារដ៏ធំបំផុតរបស់ប្រទេស និងប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចាប់តាំងពីទាហានរុស្ស៊ីបាន ឈ្លានពានអ៊ុយក្រែនកាលពីមួយខែមុន ក្នុងការវាយប្រហារដ៏ធំបំផុតលើប្រទេសអឺរ៉ុប ចាប់តាំងពី សង្គ្រាមលោកលើកទីពីរមក៕