ធនាគារស្បៀងរបស់ម៉ាឡេស៊ីត្រូវបានបើកជាផ្លូវការនៅកម្ពុជា ដើម្បីជួយពលរដ្ឋក្រីក្រ


 (ភ្នំពេញ)៖ ធនាគារស្បៀងកម្ពុជា (DMDI Cambodia Food Bank) ត្រូវបានបើកសម្ពោធដាក់ ឲ្យដំណើរការជាផ្លូវការ ក្រោមកិច្ចខិតខំរបស់សហគមន៍ខ្មែរឥស្លាមកម្ពុជា និងពិភពម៉ាឡាយូពិភព ឥស្លាម (DMDI) នៃប្រទេសម៉ាឡេស៊ី ដើម្បីជួយគាំពារដល់ប្រជាពលរដ្ឋក្រីក្រនៅកម្ពុជា។

ពិធីបើកសម្ពោធធនាគារស្បៀងកម្ពុជាជាផ្លូវការនេះ ត្រូវបានប្រារព្ធឡើងនៅរសៀលថ្ងៃទី២៤ ខែ មីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេច ហាច់ជិ មហាម៉ាត់ អាលី ប៊ីន មហាម៉ាត់ រូសស្តាម (Hj Mohd Ali Bin Mohd Rustam) ដែលជាអភិបាលរដ្ឋម៉ាឡាកា ប្រទេសម៉ាឡេស៊ី និងជាប្រធាន ពិភពម៉ាឡាយូពិភពឥស្លាម (DMDI) និងមានវត្តមានលោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អនុប្រ ធាន DMDI និងជាប្រធាន SDMDI ប្រចាំនៅកម្ពុជា។

គម្រោងនេះត្រូវបានបង្កើតឡើងពីគំនិតផ្តួចផ្តើមរបស់សម្តេច ហាច់ជិ មហាម៉ាត់ អាលី ប៊ីន មហា ម៉ាត់ រូសស្តាម និងលោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដោយមានការគាំទ្រនិងជ្រោមជ្រែងពីសំ ណាក់លោក អ៉ីលឌីន ហ៊ូសៃនី មហាម៉ាត់ ហាស្ស៉ីម (Eldeen Husaini Mohd Hashim) ឯកអគ្គរដ្ឋ ទូតម៉ាឡេស៊ីប្រចាំកម្ពុជា ក្នុងគោលបំណងដើម្បីប្រមូលបរិច្ចាគទានពីសំណាក់សប្បុរសជនទាំងក្នុង និងក្រៅស្រុក យកមកជួយដល់ប្រជាពលរដ្ឋក្រីក្រនៅកម្ពុជា។

ការដំណើរការធនាគារស្បៀងកម្ពុជានេះដែរ ក៏ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់សហគមន៍ខ្មែរ ឥស្លាមកម្ពុជាផងដែរ។ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងថា ធនាគារស្បៀងកម្ពុជានឹងដើរតួយ៉ាងសំខាន់ក្នុងការជួយដោះស្រាយ​ដល់ជីវភាពរបស់​ប្រជាពលរដ្ឋ ក្រីក្រនៅក្នុងសហគមន៍ស្របទៅនឹងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ។

ឯកឧត្តម ទេសរដ្ឋមន្ត្រីបានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ក្រោយពីការសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការហើយ ធនាគារស្បៀងនឹងចូលរួមគាំទ្របរិច្ចាគពីសំណាក់ សប្បុរសជនក្នុងស្រុក ថ្នាក់ដឹកនាំ ឥស្លាមកម្ពុជា មន្ត្រីរាជការ វិនិយោគិន សហគ្រិន ក៏ដូចជាសប្បុរសជនក្រៅប្រទេស ដើម្បីចូលរួម សហការជាមួយធនាគារស្បៀងនេះ។

សម្រាប់កម្ពុជា តាមរយៈមូលនិធិរបស់ពិភពម៉ាឡាយូពិភពឥស្លាម គឺនឹងមានការផ្ដល់អាហារូបករណ៍ ដល់សិស្សនិស្សិតបន្តការសិក្សា នៅតាមសកលវិទ្យាល័យនៅរដ្ឋម៉ាឡាកា និងជួយការងារមនុស្ស ធម៌ ដូចជាកសាងវិហារ សាលារៀន សិក្ខាសាលា វគ្គបណ្តុះបណ្តាលគ្រូបង្រៀន ឧបត្ថម្ភដល់កុមារ កំព្រា កម្មវិធីស្រាយបួស គម្ពីរអាល់គួអាន និងជំនួយគ្រោះធម្មជាតិជាដើម។

រីឯសមាជិកពិភពម៉ាឡាយូពិភពឥស្លាមមាន២៣ប្រទេស ក្នុងនោះរួមមាន កម្ពុជា ថៃ សិង្ហបុរី ម៉ាឡេ ស៊ី ចិន ឥណ្ឌូណេស៊ី អារ៉ាប៊ីសាអូឌីត ព្រុយណេ ហ្វីលីពីន ទីម័រខាងកើត ចក្រភពអង់គ្លេស ម៉ាដា ហ្កាស្កា អូស្ត្រាលី អាហ្វ្រិកខាងត្បូង អេហ្ស៉ីប បូស្នី ហ្សេហ្គោវីណា នែតដឺឡង់ (ហូឡង់) ម៉ាល់ឌីវ បង់ក្លាដែស កាណាដា ស៊ូរីណាម និងស្រីលង្កា៕