លោក ចូ បៃដិនថា រុស្ស៊ីគួរតែត្រូវបានបណ្ដេញពីក្រុមប្រទេស G20


(ព្រុចសែល)៖
  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ អោយដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាតាមគំនិត របស់លោក រុស្ស៊ីគួរតែត្រូវបានបណ្ដេញចេញពីក្រុមប្រទេស G20 តែ ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចិន អះអាងថាគ្មានប្រទេសជាសមាជិក G20 ណាមួយមានសិទ្ធិបណ្ដេញរុស្ស៊ីចេញនោះទេ។ ការកត់សម្គាល់ខាងលើរបស់លោក បៃដិន ធ្វើឡើងកំលុងកិច្ចប្រជុំជាមួយមេដឹកនាំពិភពលោករៀប ចំឡើងក្នុងទីក្រុងព្រុចសែល កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាពីស្ថានការណ៍ សង្រ្គាមនៅអ៊ុយក្រែន។ថ្លែងនាឱកាសនោះនិងជាការឆ្លើយតបទៅនឹងសំណួរថាតើរុស្ស៊ីគួរតែត្រូវបាន បណ្ដេញចេញពី G20 ដែរឬទេ ប្រធានាធិបតីអាមេរិករូបនេះបានបញ្ជាក់ដូច្នេះថា «ចម្លើយរបស់ខ្ញុំ នោះគឺរុស្ស៊ីគួរតែត្រូវបានបណ្ដេញចេញ, តែយ៉ាងណាវាអាស្រ័យលើ G20 ទាំងមូល»

លោក បៃដិន បន្ថែមថាប្រសិនបើប្រទេសជាសមាជិកណាមួយ ដូចជាឥណ្ឌូណេស៊ី ឬប្រទេសដទៃ មិនឯកភាពឱ្យបណ្ដេញរុស្ស៊ីចេញទេ លោកយល់ថា អ៊ុយក្រែនក៏គួរតែត្រូវបានអនុញ្ញាតឱ្យចូល រួមក្នុងកិច្ចប្រជុំនានាផងដែរ៕