(ភ្នំពេញ)៖ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូមិអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្ស បានស្មើដល់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលផ្នែកសិទ្ធិ មនុស្សនៅកម្ពុជា ឱ្យថ្លឹងថ្លែងឲ្យបានស្មើភាពគ្នារវាងរបាយការណ៍រដ្ឋាភិបាល និងក្រុមអង្គការសង្គម ស៊ីវិលមួយចំ នួន ព្រមទាំងគណបក្សប្រឆាំងរដ្ឋាភិបាល ជំវិញរបាយការណ៍ស្តីពីការសិទ្ធិមនុស្ស មុនបញ្ជូនទៅទីក្រុងហ្សឺណែវ។
ការលើកឡើងរបស់ ឯកឧត្តម កែវ រ៉េមី បានធ្វើឡើងក្នុងជំនួបជាមួយ លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលផ្នែកសិទ្ធិមនុស្សនៅ កម្ពុជា តាមប្រព័ន្ធវីដេអូពីចម្ងាយ Zoom នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ដោយពិភាក្សា ៣ចំណុច រួមមាន៖ ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ, លំហរប្រជាធិបតេយ្យនៅកម្ពុជា និងការដឹក នាំស្ថាប័នសិទ្ធិមនុស្សអាស៊ាន ដែលបានជជែកពន្យល់វែកញែកជាច្រើន។
ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាល់របាយការណ៍របស់គាត់ (អ្នករាយការណ៍ ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា) មុនបញ្ជូនទៅហ្សឺណែវ សូមឱ្យ មានលក្ខណៈតុល្យភាព ថ្លឹងថ្លែងឱ្យបានស្មើគ្នា រឿងរបស់គាត់យកពីខាង NGO ឬគណបក្សមិនមែន រដ្ឋាភិបាល ប្រឆាំងនឹងរដ្ឋាភិបាលក៏ដោយ ខ្ញុំអត់ខ្វល់ ខ្ញុំថាសុំឱ្យគាត់យកទិន្នន័យពីយើង ដើម្បីបង្ហាញ ឱ្យឃើញពីភាពស្មើគ្នាថា នេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បានធ្វើអញ្ចេះ បានប្រឹងប្រែង ធ្វើដល់កម្រិតនេះ ហើយអ្នកឯងរិះគន់ អ្នកឯងរិះគន់ចុះ»។
ជាមួយគ្នានេះដែរ ឯកឧត្តម កែវ រ៉េមី ក៏បានស្នើកុំឱ្យយល់ច្រឡំពីតួនាទីរបស់អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅតាមប្រទេសនីមួយៗ ឱ្យសោះ គឺត្រូវដឹងថា តួនាទីរបស់ពួកគាត់មកត្រូវតែរាយការណ៍បញ្ហាសិទ្ធិមនុស្ស ដោយមិនខ្វល់ពី ការដឹកនាំរបស់រាជរដ្ឋាភិបាលនោះទេ។
បើតាមមេសិទ្ធិមនុស្សកម្ពុជា,ការធ្វើបែបនេះមិនមែនឱ្យអ្នករាយការណ៍ពិសេសធ្វើជាអ្នកនាំពាក្យឱ្យរាជរដ្ឋាភិបាលកម្ពុជាទេតែជាការធ្វើឱ្យមានតុល្យភាពក្នុងរបាយការណ៍ដែលដាក់ទៅកាន់អង្គការសហប្រជាជាតិ។
«តួនាទីអ្នកធ្វើអ្វីធ្វើទៅ ប៉ុន្តែសូមអ្នកត្រូវដាក់របាយការណ៍របស់ខ្ញុំផង របាយការណ៍អ្នកឯងយកពី ណាខ្ញុំអត់ដឹង ប៉ុន្តែយករបាយការណ៍របស់ខ្ញុំដាក់ផង គឺយកមកដាក់ឱ្យមានតុល្យភាព គឺជាជញ្ជីង អញ្ចឹងសូមឱ្យគាត់មានការជជែកគ្នាជាមួយភាគីពាក់ព័ន្ធ ដើម្បីឱ្យបានលម្អិត អញ្ចឹងគឺគ្រាន់តែឱ្យ ច្បាស់ជាមួយគ្នា»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ ឯកឧត្តម កែវ រ៉េមី។
សូមជម្រាបថា លោក Vitit Muntarbhorn ជនជាតិថៃ ត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ជំនួសលោកស្រី រ៉ូ ណាស្មីត។ លោកបានចូលកាន់តួនាទីអ្នករាយការណ៍ពិសេសជាផ្លូវការ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១៕