ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១


 (ភ្នំពេញ)៖ ម្លប់សុខសន្តិភាពបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋរស់នៅសុខសាន្ត ហើយក៏កើតមាន តម្រូវការជាហូរហែផងដែរ។ គិតត្រឹមតែប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាំនប៉ុណ្ណោះ ទាមទារឱ្យ រាជរដ្ឋាភិបាលត្រូវសាងសង់ឡើងដោយឥតឈប់ឈរ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។

គិតត្រឹមចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២ សមិទ្ថផលផ្លូវថ្នល់ និងស្ពានជាច្រើន ត្រូវបានរាជរដ្ឋា ភិបាលសម្ពោធដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ ដែលជាការបង្ហាញឱ្យឃើញច្បាស់ពីការយកចិត្តទុក ដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើការងារសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ។

នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវជាតិលេខ៥១ ដែលជាផ្លូវមួយខ្សែដ៏សំខាន់ម្រើការដល់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ដោយតភ្ជាប់រវាងផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥។

កាលពីឆ្នាំ២០០៣-២០០៤ ផ្លូវជាតិលេខ៥១នេះ បានស្ថាបនាម្តងរួចមកហើយជាប្រភេទផ្លូវក្រាល កៅស៊ូពីរស្រទាប់(DBST)។ នៅអំឡុងឆ្នាំ២០០៩ ផ្លូវនេះ បានទទួលរងការខូចខាតយ៉ាងដំណំ ដោយសារកត្តានៃការប្រើប្រាស់ និងសកម្មភាពដឹកជញ្ជូនគ្រប់ប្រភេទមានការកើនឡើងយ៉ាងគំហុក រួមផ្សំទាំងការដឹកលើសទម្ងន់កម្រិតកំណត់ផងដែរ ហើយក្នុងអំឡុងពេលនោះ ផ្លូវនេះបានត្រឹមតែ ធ្វើការជួសជុល និងថែទាំប្រចាំឆ្នាំដោយប្រើប្រាស់កញ្ចប់ថវិកាជាតិប៉ុណ្ណោះ។

ដោយសារផ្លូវនេះមានភាពប្រទាក់ក្រឡាគ្នាជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗ ជាពិសេសផ្លូវជាតិលេ ខ៤ និងផ្លូវជាតិលេខ៥ ជាហេតុធ្វើឱ្យចំនួនចរាចរណ៍ និងការដឹកជញ្ជូនគ្រប់ប្រភេទពីមួយថ្ងៃទៅ មួយថ្ងៃ មានការកើនឡើងគួរឱ្យកត់សម្គាល់ ទើបនៅឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច អនុញ្ញាតឱ្យធ្វើការជួសជុល និងស្តារផ្លូវនេះឡើងវិញ ដោយក្រាលបេតុងកៅស៊ូ AC ព្រមទាំងពង្រីក ទទឹងតួផ្លូវឱ្យធំជាងមុនផងដែរ។

គម្រោងសាងសង់ផ្លូវជាតិលេខ៥១ មានប្រវែងសរុបជិត ៣៨គីឡូម៉ែត្រ ចាប់ផ្តើមពីឧដុង្គ (ចំណុច ប្រសព្វផ្លូវជាតិលេខ៥) ទៅដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) បានស្ថាបនាដោយ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ មានទទឹងតួផ្លូវសរុប ១២ម៉ែត្រ។ ក្នុងនោះផ្លូវ សម្រាប់រថយន្តធ្វើចរាចរណ៍មាន ២គន្លង (១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹង ៣.៧៥ ម៉ែត្រ និងផ្លូវសម្រាប់ទោចក្រយានយន្តមាន ២គន្លង (១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមាន ទទឹង ១.៧៥ម៉ែត្រ និងចិញ្ចើមផ្លូវសងខាងក្រាលក្រួសក្រហមប្រវែង ០.៥០ម៉ែត្រ។

គម្រោងនេះ បានសាងសង់លូជ្រុងចំនួន ២០កន្លែង, លូមូលចំនួន ៦៧កន្លែង, លូដាក់តាមប្រឡាយ សងខាងចំនួន ៩៧កន្លែង រួមទាំងការងារបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបរិក្ខារសុវត្ថិភាពផ្លូវថ្នល់ផ្សេងៗទៀត។

គម្រោងនេះ អនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិ ត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន បានប្រើប្រាស់រយៈពេលសាង សង់ចំនួន ២៧ខែ គិតចាប់ពីខែមិថុនា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០១៩ បានចំណាយថវិកាស រុបជិត ៤១លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជា មានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះ ពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសរំលេចថា ផ្លូវជាតិលេខ៥១ គឺជាខ្សែផ្លូវស្ថិតនៅក្នុងភូមិសាស្រ្តរវាងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដែលប្រទាក់ ក្រឡាគ្នាជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗ រួមមានដូចជា៖ ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៥, ផ្លូវជាតិ លេខ៤១ និងតភ្ជាប់ទៅផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ៤២ ទៅរាជធានីភ្នំពេញ, និងផ្លូវលេខ១៤៤០ ទៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ខ្សែផ្លូវនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ វិស័យដឹកជញ្ជូន និងឧស្សាហកម្ម ដោយសារនៅតំបន់នេះ សម្បូរទៅដោយរោងចក្រឧស្សាហកម្ម សិប្បកម្ម និងសហគ្រាសខ្នាតធំ ព្រមទាំងជាតំបន់ទីប្រជុំជន ដែលមានអំណោយផលសម្រាប់ គម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ដូចជា លំនៅឋាន និងបុរីជាច្រើន ដែលបានចូលរួមបង្កើត មុខរបរ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ដែលរស់តាមបណ្តោយខ្សែផ្លូវនេះ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្ថែមថា ផ្លូវជាតិលេខ៥១ ក៏ជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់ជាមួយផ្លូវ អាស៊ានហាយវ៉េ លេខ១ (AH-1) នៃរបៀងសេដ្ឋកិច្ចខាងត្បូង ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-ថៃ (ប៉ោយប៉ែត) និងផ្លូវអាស៊ានហាយវ៉េលេខ១១ (AH-11) ឆ្ពោះទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះ សីហនុ ហើយអាចតភ្ជាប់តាមរយៈផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣៣ ទៅកាន់ ខេត្តកំពត និងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ ធម្មជាតិ និង តំបន់ឆ្នេរដ៏ស្រស់ត្រកាល របស់កម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះ «ផ្លូវជាតិលេខ៥១ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត និងជាចំណងដៃដ៏ថ្លៃថ្លា ដែលកើតចេញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់បងប្អូនប្រជាពល រដ្ឋខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ ជាប្រយោជន៍ទូទៅ និងយូរអង្វែងផងដែរ»។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត និងចក្ខុវិស័យច្បាស់លាស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាប្រតិបត្តិ ករនយោបាយឈ្នះ-ឈ្នះ ជាមគ្គុទ្ទេសក៍ឯក ជាបិតាស្ថាបនិក និងជានិមិត្តរូបនៃសន្តិភាព, សម្តេចតេ ជោ បានលះបង់គ្រប់បែបយ៉ាងដើម្បីនាំយកសុខសន្តិភាពដ៏ពេញលេញ និងស្ថិរភាពនយោបាយ ដ៏ពិតប្រាកដជូនជាតិមាតុភូមិកម្ពុជា។

ឯកឧត្តម រដ្ឋមន្ត្រី បានបន្តថា សន្តិភាព ដែលពលរដ្ឋកម្ពុជាគ្រប់រូប កំពុងទទួលបាននេះ គឺពិតជាមូល ដ្ឋានគ្រឹះដ៏សំខាន់បំផុត ដែលបានផ្តល់ឱកាសជាទូទៅឱ្យកម្ពុជាអាចស្តារ និងអភិវឌ្ឍប្រទេសជាតិ បានរីកចម្រើនឡើងវិញលើគ្រប់វិស័យគួរជាទីមោទនៈ ជាពិសេសប្រជាជនមានមុខរបរ មានការងារ ធ្វើ មានប្រាក់ចំណូល មានសិទ្ធិសេរីភាពបរិបូរណ៍ រស់នៅប្រកបដោយសុខមាលភាព និងគ្មានភាព ភ័យខ្លាច ព្រមទាំងអាចធ្វើដំណើរទៅទីជិតទីឆ្ងាយដោយសេរី តាមបំណងប្រាថ្នារបស់ខ្លួន៕