(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ លោក លីន បៃហ្វេង (Lin Baifeng) ប្រធានក្រុមហ៊ុន HUAWEI ប្រចាំតំបន់ប៉ាស៊ីហ្វិក បានស្នើសុំចូលរួមអភិវឌ្ឍវិស័យព័ត៌មានវិទ្យានៅកម្ពុជា ដើម្បីនាំ មកនូវបច្ចេកវិទ្យាចុងក្រោយបំផុតមកកម្ពុជា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្ដាញព័ត៌មាន វិទ្យា និងតភ្ជាប់រវាងប្រជាជន និងប្រជាជន ប្រកបដោយសុវត្ថិភាព និងអធិបតេយ្យភាព។
នៅក្នុងជំនួបនោះ លោក លីន បៃហ្វេង បានថ្លែងអំណរគុណជាអនេកជូនចំពោះ សម្ដេចតេជោ ចំពោះការគាំទ្រក្រុមហ៊ុនរបស់លោក រយៈពេលជាង២៣ឆ្នាំកន្លងមក និងផ្តល់នូវការទុកចិត្តដល់ ក្រុមហ៊ុនរបស់លោក និងអនុញ្ញាតឲ្យក្រុមហ៊ុនមួយនេះ បានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យ បច្ចេកវិទ្យា ទាំងក្នុងវិស័យសុខាភិបាល ការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ និងលើ វិស័យដទៃទៀត។
លោក លីន បៃហ្វេង បានមានប្រសាសន៍ថា សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា មានការរីកចម្រើនយ៉ាង ខ្លាំង កម្ពុជាមានការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាស្ទើរគ្រប់វិស័យ។ ក្នុងន័យនេះ លោកបានស្នើសុំ ការគាំទ្រពីសម្ដេចតេជោ ចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មានវិទ្យា តាមរយៈការអភិវឌ្ឍធនធាន មនុស្ស នាំមកនូវបច្ចេកវិទ្យាចុងក្រោយបំផុតមកកម្ពុជា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្ដាញ ព័ត៌មានវិទ្យា និងតភ្ជាប់រវាងប្រជាជន និងប្រជាជន ប្រកបដោយសុវត្ថិភាព និងអធិបតេយ្យភាព។
ឆ្លៀតនៅក្នុងឱកាសនោះដែរ លោក លីន បៃហ្វេង ក៏បានផ្តល់ជូនសម្ដេចតេជោនូវគ្រឿងបរិក្ខា ដែល មានជាក្តាដែលអាចសរសេរបាន ក្តាដែលអាចតភ្ជាប់ដើម្បីទំនាក់ទំនងតាមប្រព័ន្ធវីដេអូ ចំនួន១០០ និងកុំព្យូទ័រចំនួន៥០០គ្រឿង សម្រាប់ប្រើប្រាស់តាមតម្រូវការ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក លីន បៃហ្វេង ដែល កន្លងមកបានផ្ដល់ជូនកម្ពុជានូវគ្រឿងបរិក្ខាសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងនៅពេលនេះ បានផ្តល់ជូននូវគ្រឿងបរិក្ខាសម្រាប់ការតភ្ជាប់ការប្រជុំតាមប្រព័ន្ធវីដេអូផង និងកុំព្យូទ័រ ផងដេរ។
សម្តេចតេជោបានស្វាគមន៍ និងលើកទឹកចិត្តដល់ លោក លីន បៃហ្វេង ក្នុងការបន្តធ្វើការជាមួយ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្តជួយបណ្ដុះបណ្ដាលធន ធានមនុស្ស និងបន្តធ្វើយ៉ាងណាឲ្យកម្ពុជាទទួលបាននូវបច្ចេកវិទ្យាចុងក្រោយបំផុត ដែលធានាបាន នូវសុវត្ថិភាព និងអធិបតេយ្យភាពព័ត៌មានផង និងមានការប្រកួតប្រជែងលើពិភពលោកផង៕