(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម ប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា និងឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការ ត្រួតពិនិត្យផលិតផលហាឡាលកម្ពុជាបានដឹកនាំគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា និងក្រុមឯកទេសផលិតផលហាឡាល ប្រជុំស្តីពី វឌ្ឍនភាពរបស់គណៈកម្មាធិការត្រួតពិនិត្យ ផលិតផលហាឡាលកម្ពុជា នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងថា ផលិតផលហាឡាល ដើរតួនាទីយ៉ាងសំខាន់ ដោយមិនមែនតែសម្រាប់សាសនិកឥស្លាមប៉ុណ្ណោះទេ តែជាតម្រូវការ សម្រាប់ទីផ្សារពិភពលោកទាំងអ្នកមុស្លិម និងមិនមែនមុស្លិមផងដែរ។
ឯកឧត្តម បានបន្ថែមថា កន្លងមកនេះ សមាជិកគ.ត.ផ.ហ.ក. និងក្រុមឯកទេសផលិតផលហាឡាក តែងតែមានការប្រជុំជាមួយ បណ្ដាប្រទេសដែលមានការអភិវឌ្ឍលើវិស័យហាឡាល ដូចជាបណ្ដាប្រ ទេសសមាជិកអង្គការ អូអាយសុី (OIC) ដែលមានប្រទេសជាសមាជិកចំនួន៥៧ប្រទេស និងមាន ប្រជាជនជាង២ពាន់លាននាក់ ដើម្បីលើកកម្ពស់ស្ដង់ដារផលិតផលហាឡាលកម្ពុជា និងការទទួល ស្គាល់ពីអន្តរជាតិសម្រាប់ស្លាកសញ្ញាហាទ្បាលថ្នាក់ជាតិរបស់ប្រទេសកម្ពុជា។
ឯកឧត្តម ក៏បានបន្តផងដែរថា ថ្មីៗនេះ មានប្រទេសដែលមានការអភិវឌ្ឍលើវិស័យហាឡាល មួយ ចំនួនមានបំណងមកវិនិយោគ លើវិស័យហាឡាលកម្ពុជាដោយសង្ឃឹមថា កម្ពុជានឹងរៀបចំឲ្យមាន តំបន់សេដ្ឋកិច្ចពិសេសសម្រាប់ការផលិតផលិតផលហាឡាលបម្រើឲ្យទីផ្សារពិភពលោកនាពេលអនាគតផងដែរ។
ជាមួយគ្នានោះ ឯកឧត្តម បានលើកពីកំណើននៃសហគ្រាសកម្ពុជា ដែលបានស្នើសុំវិញ្ញាបនបត្រហា ឡាលកម្ពុជា ព្រោះផ្លាកសញ្ញាហាឡាល អាចជួយបង្កើនការលក់ និងការនាំចេញផលិតផលហា ឡាលទាំងនោះ ទៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិតួយ៉ាងប្រទេសថៃ និងប្រទេសម៉ាទ្បេស៊ីបាននាំ ចេញនូវផលិតផលហាទ្បាលរបស់គេយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅកាន់ទីផ្សារពិភពលោក និងជួយ បានមួយផ្នែកធំនៃកំណើនសេដ្ឋកិច្ចជាតិរបស់គេ។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ផលិតផលហាឡាល មានអត្ថន័យថា «អនាម័យ និង ស្អាតស្អំ» ហើយវិស័យហាឡាលនេះ ត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់ពីរាជ រដ្ឋាភិបាលកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។ លោករដ្ឋមន្ដ្រី បានបន្តថា រដ្ឋាភិបាលបាន អនុញ្ញាតឲ្យរៀបចំ ស្ថាប័នហាឡាលកម្ពុជា ក្នុងគោលបំណងដើម្បីលើកកម្ពស់ស្តង់ដាអាហារ សម្រាប់ជួយសម្រួលដល់សាសនិកឥស្លាម ដ៏ដូចជាសម្រាប់អ្នកមិនមែនកាន់សាសនាឥស្លាម ទាំងនៅកម្ពុជានិងទូទាំងពិភពលោកទាំងមូល។
ឯកឧត្តម បានសង្កត់ធ្ងន់ថា ដោយបច្ចុប្បន្នភាព មានការប្រើប្រាស់ផ្លាកសញ្ញាហាឡាលច្រើន នៅកម្ពុជា ក្នុងនោះក៏មានការក្លែងបន្លំផ្លាកសញ្ញាហាឡាលច្រើនករណីផងដែរ ហេតុនេះឯកឧត្តម បានណែនាំដល់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ត្រូវបន្តបង្ក្រាបការប្រើប្រាស់ស្លាកសញ្ញាក្លែងក្លាយដោយរួមមាន ភោជនីយដ្ឋាន សហ គ្រាស សិប្បកម្ម រោងចក្រផលិ ខ្លះបានប្រើស្លាកសញ្ញាហាទ្បាលរបស់បរទេសដោយគ្មានការអនុ ញ្ញាត បំពាក់ស្លាកសញ្ញាតាមទំនើងចិត្តនាពេលកន្លងមក។
ឯកឧត្តម បានស្នើដល់សមាជិកគ.ត.ផ.ហ.ក. ឲ្យខិតខំប្រឹងប្រែងធ្វើយ៉ាងណាធានាឲ្យបាននូវការប្រើ ប្រាស់ ផ្លាកសញ្ញាហាឡាលកម្ពុជា ដែលទទួលស្គាល់ពីរាជរដ្ឋាភិបាល ដើម្បីធានាគុណភាពស្ដង់ដារ ផលិតផលហាឡាល និងលើកកម្ពស់មុខមាត់កម្ពុជា៕