មន្ត្រី បានលើកឡើងថា កម្ពុជាសង្ឃឹមអាចនាំចេញផ្លែមៀនដោយផ្ទាល់ទៅចិន ក្នុងរយៈពេល១ខែ ឬ២ខែខាងមុខ


 (ភ្នំពេញ)៖ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន កសិកម្ម នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ក្នុងរយៈពេល១ខែ ឬ២ខែទៀតខាង មុខនេះ កម្ពុជាសង្ឃឹមថានឹងអាចនាំផ្លែមៀនប៉ៃលិន ទៅកាន់ប្រទេសចិនដោយផ្ទាល់បាន។

ការបញ្ជាក់យ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ងិន ឆាយ អញ្ជើញចូលរួមសន្និសីទសារ ព័ត៌មាន ស្តីពី «លក្ខខណ្ឌតុណភាពឆ្លើយតប និងការនាំចេញកសិផល ទាក់ទងនឹងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងចិន» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ។

ឯកឧត្តម ងិន ឆាយ បានបញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងមៀនប៉ៃលិនថា តើយើងអាចនាំចេញ នៅពេលណា គឺខ្ញុំពិបាកក្នុងការផ្តល់ជូន ថា ឲ្យវាច្បាស់លាស់ថានៅពេលណា ក៏ប៉ុន្ដែខ្ញុំគិតថា ក្នុងរយៈពេលយ៉ាងយូរ ១ខែឬ២ខែទៀត យើងសង្ឃឹមថា នឹងអាចនាំមៀនប៉ៃលិនពីកម្ពុជា ទៅកាន់ប្រទេសចិនបាន»

ឯកឧត្តម ងិន ឆាយ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ពិធីសារបច្ចេកទេសបានឯកភាពគ្នា ជារួចរាល់ហើយ ចាំតែថ្ងៃចុះហត្ថលេខាប៉ុណ្ណោះ ហើយនៅពេលចុះហត្ថលេខាភ្លាម កម្ពុជាបញ្ជូន របាយការណ៍ទៅភ្លាម ហើយភាគីចិននឹងចាប់ផ្ដើមវាយតម្លៃ ហើយភាគីចិនអាចត្រួតពិនិត្យភ្លាម។

បន្ថែមពីនោះទៀត ឯកឧត្តម បានលើកឡើងថា «លឿន ឬយូរក៏វាអាស្រ័យទៅលើភាគីចិនដែរថា តើគាត់មានការប្ដេជ្ញាចិត្ត ក្នុងការជំរុញ ក្នុងការវាយតម្លៃឲ្យបានលឿន នៅក្នុងកម្រិតណា? យើងដឹងហើយថា ភាគីចិនមានប្រទេសជាច្រើន ដែលសុំការវាយតម្លៃដូចគ្នា ក៏ប៉ុន្តែភាគីចិន បាន ផ្តល់អាទិភាពឲ្យមកប្រទេសកម្ពុជា»

សូមបញ្ជាក់ថា កន្លងមកមៀនកម្ពុជា ត្រូវបាននាំចេញទៅចិន ដោយក្រុមហ៊ុនរបស់ប្រទេសជិត ខាងតែប៉ុណ្ណោះ ដោយសារតែបញ្ហាលក្ខខណ្ឌភូតគាមអនាម័យ ដែលកត្តានេះធ្វើឲ្យកម្ពុជា មិនអាច នាំចេញមៀនទៅចិនដោយផ្ទាល់បាន។ នៅកម្ពុជាមានផ្ទៃដីដាំមៀនប៉ៃលិន ក្នុងរង្វង់មួយម៉ឺនហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានប្រមាណ៨ពាន់ហិកតា ដោយក្នុងមួយហិកតា ទទួលបានផលចន្លោះ ពី១៥ទៅ២០តោន ដែលក្នុងមួយឆ្នាំៗ ទិន្នផលមៀនប៉ៃលិនប្រមូល បានជាង១០ម៉ឺនតោន៕