សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើមានជនជាតិអ៊ុយក្រែន ភៀសខ្លួនមកកម្ពុជា យើងនឹងទទួល

 (ភ្នំពេញ)៖ ដោយឈរលើគោលការណ៍មនុស្សធម៌ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា បានប្រកាសទទួលយកពលរដ្ឋអ៊ុយក្រែនដែលរត់គេចពីសង្គ្រាម ប្រសិនបើពួកគេបានភៀស ខ្លួនមកដល់ប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ បានរំលឹកអំពីការហាមឃាត់របស់សម្តេចចំពោះពលរដ្ឋកម្ពុជា ដែលចង់ធ្វើជាទាហានស្ម័គ្រចិត្តទៅជួយអ៊ុយក្រែន ដែលជាការចាក់សាំងនៅលើភ្លើង។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំមិនលើកទឹកចិត្តទេអារឿងហ្នឹង ប៉ុន្តែក្នុងករណីដែលមានជនជាតិ អ៊ុយក្រែនភៀសខ្លួនមកដល់កម្ពុជា អាហ្នឹងយើងត្រូវតែឱ្យនៅហើយ»

សង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន បានឈានចូលដល់សប្តាហ៍ទី៣ ខណៈដែលការចរចាក៏បានឈាន ដល់ជុំទី៤ផងដែរ។ កិច្ចចរចា ប៉ុន្មានលើកមកនេះ រវាងទីក្រុងកៀវ និងទីក្រុងមូស្គូ មកទល់ពេលនេះ ទទួលបានផ្តល់លទ្ធផលតិចតួចស្តួចស្តើងប៉ុណ្ណោះក្រៅតែពីការបង្កើតច្រក របៀងមនុស្សធម៌ ដើម្បី ជម្លៀសប្រជាជនចេញពីទីក្រុងរបស់អ៊ុយក្រែនមួយចំនួន ដែលរងការវាយប្រហារធ្ងន់ធ្ងរពីសំណាក់ យោធារុស្ស៉ី។

បើតាមការិយាល័យឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន នៃអង្គការសហប្រជាជាតិ បានឲ្យដឹងថា ជនភៀសខ្លួនអ៊ុយក្រែនជាង ៣លាននាក់ បានទៅដល់បណ្ដាប្រទេសជិតខាងអ៊ុយក្រែន ចាប់តាំងពី សង្រ្គាមជាមួយរុស្ស៉ីផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។

តួលេខអ្នកដែលបានភៀសខ្លួនចេញពីអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈដល់ថ្ងៃទី១៥ ខែមីនា បានកើនឡើងដល់ ៣,០០០,៣៨១នាក់ ក្នុងនោះមនុស្សសរុប ១,៨៣០,៧១១នាក់ បានចេញ ទៅកាន់ប្រទេសប៉ូឡូញ, ៤៥៩.៤៨៥នាក់ ទៅប្រទេសរូម៉ានី, ៣៣៧,៣១៥នាក់ ទៅប្រទេសម៉ុល ដាវី, និង ២៦៧,៥៧០ចេញទៅកាន់ប្រទេសហុងគ្រីជាដើម៕