មនុស្សរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់ ខណៈ៤នាក់ស្លាប់ ក្រោយគ្រោះរញ្ជួយដីវាយប្រហារ ប្រទេសជប៉ុន

 (តូក្យូ)៖  យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ អោយដឹងថា គ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ ដែលបានវាយប្រហារតំបន់ឆ្នេរ ភាគឦសាននៃទីក្រុង ហ្វូគូស៊ីម៉ា (Fukushima) ប្រទេសជប៉ុន កាលពី ល្ងាចថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) បាន បណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់ និង៩៤នាក់រងរបួស ខណៈគ្រោះរញ្ជួយដី បានរឭកឡើងវិញ នូវការចងចាំសម្រាប់ប្រជាជនជប៉ុន ពីគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ដែលបានបំផ្លាញតំបន់នេះកាលពីជាងមួយទសវត្សរ៍មុន។

បើតាមរដ្ឋាភិបាលជប៉ុន គ្រោះរញ្ជួយដីខាងលើ បានកើតឡើងចម្ងាយពីទីក្រុងតូក្យូ ប្រហែល ២៧៥ គីឡូម៉ែត្រ ហើយផ្ទះរាប់សែនខ្នងគ្មានអគ្គិសនី ប្រើប្រាស់។ ប៉ុន្តែ ប្រភពថាមពលមួយចំនួនត្រូវបាន ស្តារឡើងវិញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈអាជ្ញាធរបានលុបចោលការព្រមានអំពី រលកយក្សស៊ូ ណាមិ ដែលបានដាក់ចេញក្រោយមានហេតុការណ៍រញ្ជួយភ្លាមៗ។

សូមបញ្ជាក់ថា បើតាមទីភ្នាក់ឧតុនិយមជប៉ុន, នៅពាក់កណ្តាលអាធ្រាត គ្រោះរញ្ជួយដីបានវាយ ប្រហារនៅតំបន់ឆ្នេរសមុទ្រនសខេត្តហ្វូគូស៊ីម៉ា ក្នុងជម្រៅ៦០គីឡូម៉ែត្រ។ ហេតុការណ៍នេះបានរំលឹកឡើងវិញនូវការចងចាំរបស់ប្រជាជនជប៉ុន ចំពោះការបំផ្លិចបំផ្លាញ និងរលកយក្សស៊ូណាមិ ក្នុងខែមីនា ឆ្នាំ២០១១ គឺ១សប្តាហ៍បន្ទាប់ពីខួប១១ឆ្នាំនៃគ្រោះមហន្តរាយ៕