(បាងកក)៖ យោងតាមកាសែតបាង កកប៉ុស្តិ៍ គឺ ក្រុមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាស៊ាន (AEM) ចង់ធ្វើឱ្យប្រសើរឡើង (upgrade) នូវកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលមានស្រាប់ និងពន្លឿនការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក្នុងចំណោមសមាជិកទាំងអស់ ក្នុងគោល បំណងធ្វើឱ្យសេដ្ឋកិច្ចតំបន់រស់ឡើងវិញក្នុង គ្រាដែលមានវិបត្តិកូវីដ។ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រី Auramon Supthaweethum អគ្គនាយកនៃអគ្គនាយកដ្ឋានចរចាពាណិជ្ជកម្មរបស់ប្រទេសថៃថា ក្រុមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរំពឹងថានឹងពិភាក្សាអំពីការស្តារសេដ្ឋកិច្ចអាស៊ានឡើងវិញក្នុងគ្រាដែលមានការរាតត្បាតជំងឺនិងយុទ្ធសាស្រ្តអាស៊ានសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសមិនមែនជាសមាជិកអាស៊ាននៅក្នុងកិច្ចចង្អៀតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាស៊ានលើកទី២៨។
លោកស្រី Supthaweethum ថ្លែងថា៖ «កម្ពុជាក្នុងនាមជាប្រធានកិច្ចប្រជុំអាស៊ាន ចង់ឱ្យសមាជិក អាស៊ានទាំងអស់ធ្វើការរួមគ្នាដើម្បីចាប់ផ្តើមចរចាដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន និង FTA ដែលមានស្រាប់ ជាពិសេស FTA រវាងអាស៊ាន អូស្រ្តាលីនិងណូវែលសេ ឡង់ និងពន្លឿនការអនុវត្តកិច្ចព្រមព្រៀង RCEP សម្រាប់សមាជិកទាំងអស់»។
ក្នុងចំណោមសមាជិកអាស៊ាន មានតែប្រទេសមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងហ្វីលីពីនប៉ុណ្ណោះដែលមិន ទាន់បានដាក់ជូនការផ្តល់សច្ចាប័នកិច្ចព្រមព្រៀង RCEP ទៅកាន់លេខាធិការដ្ឋានអាស៊ាន។
RCEP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតក្នុងពិភពលោក បានចូលជាធរមាននៅដើមឆ្នាំនេះ បន្ទាប់ពីមានការផ្តល់សច្ចាប័នដោយប្រទេសអាស៊ានយ៉ាងហោចណាស់ចំនួន៦ និងប្រទេសហត្ថ លេខីបីផ្សេងទៀត៕