អ្នកឧកញ៉ា គិត ម៉េង ស្នើដល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជួយជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ការតភ្ជាប់ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចអាស៊ាន


(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះ យោបល់ធុរកិច្ចអាស៊ាន បានស្នើដល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជួយជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ការតភ្ជាប់ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការស្តារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាពនិង មិនប៉ះពាល់បរិស្ថាននិងការជំរុញសច្ចាប័នដោយប្រទេសសមាជិកអាស៊ានទាំង១០ទៅលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ក៏ដូចជាការធ្វើកំណែទម្រង់ដ៏មានសារៈសំខាន់ ផ្សេងៗទៀត ដែលជាកត្តាដ៏សំខាន់ ជំរុញឱ្យ កំណើនសេដ្ឋកិច្ចអាស៊ានក្នុងអត្រា ៥%-៦% ដែល ធ្វើឱ្យអាស៊ានក្លាយជាតំបន់ដែលមានសេដ្ឋកិច្ចធំជាងគេទី៤ក្នុងពិភពលោកត្រឹមឆ្នាំ២០៣០ និងការ កាត់បន្ថយគំលាតសេដ្ឋកិច្ចប្រទេសសមាជិកអាស៊ាន។

អ្នកឧកញ៉ា គិត ម៉េង លើកឡើងបែបនេះ ធ្វើឡើងក្នុង កិច្ចពិភាក្សារវាងក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ានជាមួយនិង រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដែលប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ក្រោម អធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋ កិច្ចអាស៊ាន និងមានការចូលរួមពី រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំង១០ប្រទេស មន្ត្រីជាន់ខ្ពស់នៃប្រ ទេសសមាជិកអាស៊ាន តំណាងពីសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងតំណាង ពីស្ថាប័នពាក់ព័ន្ធ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ។

អ្នកឧកញ៉ាបានគូសបញ្ជាក់ថា វិស័យឯកជន និងវិស័យសាធារណៈ នឹងសហការគ្នាយ៉ាងជិតស្និទ្ធ រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម ដើម្បីឆ្ពោះទៅរកបំណងប្រាថ្នារួមរបស់អាស៊ាន។

អ្នកឧកញ៉ាបានបញ្ជាក់អំពីទិសដៅអាទិភាពនិងកម្មវិធីចម្បងៗរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានក្នុងការចូលរួមសម្រេចឲ្យបាននូវគោលដៅអាទិភាពសេដ្ឋកិច្ចរួមសម្រាប់ឆ្នាំ២០២២នេះ ដែលក្នុងនោះក៏មានការចូលរួមគាំទ្រពីក្រុមប្រឹក្សាធុរកិច្ចចម្រុះផងដែរ ទាំងផ្នែកបច្ចេកទេសនិង ប្រឹក្សាយោបល់។

ក្នុង កិច្ចពិភាក្សារវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានជាមួយនិង រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នេះដែរ សមាជិកនៃ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានទាំង១០ប្រទេស បានធ្វើបទអន្តរា គមន៍ និងរាយការណ៍ជូនអង្គប្រជុំអំពីវឌ្ឍនភាពការងារ និងសំណូមពរផ្សេងៗរបស់វិស័យជនរួម មាន៖ ការៀបចំកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន និង កម្មវិធីកិច្ចប្រជុំកំពូលធុរកិច្ចវិនិយោគអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាឆ្នាំ២០២២ នៅរាជធានីភ្នំពេញ បច្ចុប្បន្នភាពនៃការអនុវត្តគម្រោង ASEAN Digital Gateway and Travel Wallet, Digital Trade Connect, H.I.R.E.D, Smart Growth Connect, របាយការណ៍អនុសាសន៍អំពីឧស្សាហកម្មទេសចរណ៍អាស៊ាន ការលើកកម្ពស់ សហគ្រាសមីក្រូ សហគ្រាសធុនតូចនិងមធ្យម របាយការណ៍ក្រុមការងារសេដ្ឋកិច្ចចីរភាពនិងមិន ប៉ះពាល់បរិស្ថាន របាយការណ៍អនុសាសន៍អំពីវិធានការមិនមែនពន្ធគយនិងរបាំងមិនមែនពន្ធគយ ក៏ដូចជាបញ្ហាប្រឈមពាក់ព័ន្ធនិងកិច្ចសម្រួលពាណិជ្ជកម្ម កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយតំបន់ និងស្ថានភាពធុរកិច្ចមីយ៉ានម៉ា។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំង១០ ប្រទេស និងអគ្គលេខាធិការ អាស៊ាន បានសម្តែងនូវការគាំទ្រចំពោះសមិទ្ធផលនានា ដែលសម្រេចបានដោយក្រុមប្រឹក្សាពិគ្រោះ យោបល់ធុរកិច្ចអាស៊ានជារួម និងដោយឡែករបស់ប្រទេសនីមួយៗ និង បានទទួលយកទៅពិចារ ណានូវរាល់អនុសាសន៍នានាដែលក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានបានលើកឡើង ព្រម ទាំងបានជំរុញឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធក្រោមឱវាទសហការជិតស្និទ្ធជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ៕