កូរ៉េខាងត្បូងអះអាងថា ការធ្វើតេស្តមីស៊ីលបាលីស្ទីគរបស់កូរ៉េខាងជើង ទទួលបរាជ័យភ្លាមៗ ក្រោយបាញ់បង្ហោះ


 (សេអ៊ូល)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ អោយដឹងថា បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសជប៉ុន នៅថ្ងៃពុធនេះបានរាយការ ណ៍ពី ការធ្វើតេស្តមីស៊ីលបាលីស្ទីគមួយគ្រាប់ ដោយកូរ៉េខាងជើង យោធារបស់ប្រទេសកូរ៉េខាងត្បូង បានអះអាងថា ការធ្វើតេស្តមីស៉ីលនោះទំនងជាទទួលបរាជ័យភ្លាមៗ ក្រោយបាញ់បង្ហោះ។

យោធាកូរ៉េខាងត្បូងបាននិយាយថា មីស៉ីលខាងលើត្រូវបានបាញ់ចេញពី មូលដ្ឋានមួយកន្លែងស្ថិត នៅជាយរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង ហើយវាត្រូវបានសន្និដ្ឋានថា ទទួលបរាជ័យភ្លាមៗ ក្រោយការបាញ់តេស្ត។ ខណៈកូរ៉េខាងត្បូងមិនបានបញ្ជាក់ពី ប្រភេទមីស៉ីលកូរ៉េខាងជើងឡើយនោះ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK ដែលយោងតាមប្រភពពីក្រសួងការពារជាតិជប៉ុន បានរាយការណ៍ថា វាទំនងជាមីស៊ីលបាលីស្ទីគ។

ថ្មីៗនេះ សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានព្រមានថា កូរ៉េខាងជើងប្រហែលជា កំពុងត្រៀមរៀប ចំខ្លួនដើម្បីបាញ់តេស្តមីស៊ីលបាលីស្ទីគអន្តរទ្វីប ICBM ពេញលេញឡើងវិញ ជាលើកដំបូង គិតចាប់ តាំងពីឆ្នាំ២០១៧មក។ ក្នុងឆ្នាំនេះ កូរ៉េខាងជើងបានបាញ់តេស្តមីស៊ីលយ៉ាងញឹកញាប់បំផុត ដោយ ការធ្វើតេស្តលើកទី៩របស់ខ្លួន ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៥ ខែមីនា៕