ដីអតីតបន្ទាយប៉េអឹមចាស់នៅស្រុកព្រះស្តេច ត្រូវបុគ្គលឯកជនគ្រប់គ្រងធ្វើជាកម្មសិទ្ធិ

ខេត្តព្រៃវែង ៖ ដីអតីតបន្ទាយប៉េអឹមចាស់មួយកន្លែងនៅម្តុំបឹងឈូក ខាងឆ្វេងដៃ ជាប់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ត្រូវបានបុគ្គលឯកជនគ្រប់គ្រងធ្វើជាកម្មសិទ្ធដោយបើកហាងខារ៉ាអូខេ លក់គ្រឿងក្លែមគ្រប់មុខមានស្លាកយីហោ «រាជសីហ៍» សង្ស័យមានការឃុបឃិតគ្នាលួចចេញប្លង់កម្មសិទ្ធិអោយ។

បើតាមប្រភពព៌តមានពីប្រជាពលរដ្ធរស់នៅក្នុងភូមិព្រៃខ្លា បានលួចបង្ហើបប្រាប់អោយដឹងថា ដី ចំណុចនេះ កាលពីដើមឡើយ គឺជាដីបឹងសាធារណៈរបស់រដ្ធ។ ប៉ុន្តែក្រោយមក កម្លាំងរបស់កង អន្តរាគមន៍ អាវុធហត្ថខេត្តព្រៃវែង បានស្នើសុំចាក់ដីលុបបឹង ធ្វើបន្ទាយស្នាក់នៅបណ្តោះអាសន្ន។ បន្ទាប់ពីស្នាក់នៅបានមួយរយៈពេលធំ កម្លាំងកងអន្តរាគមន៍អាវុធហត្ថខេត្ត ក៍បានរុះរើចេញវិញ ឈប់ស្នាក់នៅ ដោយទុកដីនេះនៅទំនេរចោល។ ស្រាប់តែក្នុងឆ្នាំ២០១៩ នេះ គេឃើញបុគ្គលឯក ជន ម្នាក់ មិនស្គាល់ឈ្មោះ រស់នៅឯរាជធានីភ្នំពេញ មកអះអាងថា ជាដីកម្មសិទ្ធិរបស់ខ្លួន មានប្លង់ កាន់កាប់ត្រឹមត្រូវ ហើយរៀបចំកែលម្អ បើកហាងខារ៉ាអូខេ ធ្វើកញ្ចុះ មានលក់បាយម្ហូបកុំម៉ង់ និង គ្រឿងក្លែមគ្រប់មុខ ដាក់ស្លាកយីហោ «រាជ សីហ៍»យ៉ាងព្រងើយ គ្មានរំខានដល់អាជ្ញាធរ ឫមន្ត្រី ជំនាញស្ថាប័នពាក់ព័ន្ធណាមួយឡើយ។

ប្រភពបន្តថា រឿងនេះគ្មានប្រជាពលរដ្ធណាមួយហ៊ានចេញមុខតវ៉ានោះទេ បើតវ៉ាក៍មិនឈ្នះគេដែរ ព្រោះគេគិតថា ទាល់តែមានការឃុបឃិតត្រូវរូវគ្នាជាប្រព័ន្ធរួចរាល់អស់ហើយ ទើបអាចដំណើរ ការ ទៅបានបែបនេះ។ ចំណែកបញ្ហាធ្វើប្លង់កម្មសិទ្ធិគ្រប់គ្រងដីធ្លីនេះវិញ បើសិនជាប្រជាពលរដ្ធធម្មតា ចង់ធ្វើប្លង់កាន់កាប់ដីផ្ទាល់ខ្លួនវិញ គឺរាប់ឆ្នាំមិនងាយនឹងបានទេ។ តែបើអ្នកមានលុយមានអំណាចវិញ ទោះបីដីនោះ ជាប្រភេទ ដីបឹង ដីព្រែក ដីអូរ ដីស្ទឹងសាធារណៈ របស់រដ្ធ ក៍អាជ្ញាធរ និងមន្ត្រីជំនាញមួយចំនួន គេហ៊ានឃុបឃិតគ្នាចេញប្លង់កម្មសិទ្ធិអោយ ទាំង បំពានបានដែរ។ជាក់ស្តែងដូចជាដីបឹង សាធារណៈរបស់រដ្ធ នៅក្នុងភូមិព្រៃខ្លា នេះ ភាគច្រើន ត្រូវបានធ្លាក់ទៅលើ បុគ្គល ឯកជន អ្នកមានលុយ មានអំណាច និងធ្វើប្លង់កាន់កាប់កម្មសិទ្ទិរួចរាល់អស់ហើយ។

ពាក់ព័ន្ធបញ្ហានេះដែរ ម្ចាស់ហាង (យីហោរាជ សីហ៍)បានបញ្ជាក់អោយដឹងតាមទូរស័ព្ទថា ដីនេះ គឺគាត់គ្រប់គ្រងបន្ត ពីឪពុករបស់លោក ឈ្មោះ សុខ គ្រីន អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រៃវែង មុន មានប្លង់កម្មសិទ្ធត្រឹមត្រូវ។ ចំណែកលោក ភុន សម្ភស្ស អភិបាលស្រុកព្រះស្តេច មិន អាចសុំការបំភ្លឺបានទេ ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល។ រីឯលោកឧត្តមសេនីយ៍ត្រី ឈួន គឹម សាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បច្ចុប្បន្ន ក៍បានប្រាប់តាមទូរស័ព្ទអោយដឹង កាលពី រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ នេះថា ដីនេះគឺជាដីបង សុខ គ្រីន មេបញ្ជាការមុន ដោយសារ កម្លាំងច្រើនគាត់ក៍អោយកម្លាំងស្នាក់នៅបណ្តោះអាសន្ន តែដល់កម្លាំងចាត់អោយទៅរៀនអស់ទៅ គាត់ក៍អោយកូនគាត់ជាអ្នកគ្រប់គ្រង។ តែបើប្រជាពលរដ្ធនិយាយថា ជាដីបឹងសាធារណៈរបស់រដ្ធ នោះ ទំនាន់នុង លោកអត់បានដឹងទេ ព្រោះលោកនៅជាកូនចៅគេ តែលោកគ្រាន់តែដឹងថា ជំនាន់ នុង គឺបង សុខ គ្រីន មេបញ្ជាការចាស់ គាត់ជាអ្នកស្នើសុំដាក់កម្លាំងកងអន្តរាគមន៍អាវុធហត្ថ បណ្តោះ អាសន្នប៉ុណ្ណោះ។

រីឯលោក អេង ផេងអាន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សុរិយាដី ខេត្តព្រៃវែង ភ្នាក់ងារយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ដោយសារទូរស័ព្ទជាប់រវល់រហូត៕