(មីនស្កិ៍)៖ តាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន TASS នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២ អោយដឹងថាក្រសួងការបរទេសបេឡារុសបានរាយការណ៍ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ស្ថានទូតបេឡារុសប្រចាំនៅប្រទេសអ៊ីតាលី បានទទួលរងការវាយប្រហារដោយគ្រឿងផ្ទុះកែច្នៃ ប៉ុន្តែសំណាងល្អ ពុំមាននរណាម្នាក់រងគ្រោះថ្នាក់ឡើយ។
ក្រសួងការបរទេសបេឡារុស បានចេញសេចក្តីថ្លែងការណ៍ ឱ្យដឹងថាយ៉ាងដូច្នេះថា «នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោងខ្ទង់០៤ទាបភ្លឺ ជនបិទមុខមួយចំនួន បានដើរមកក្បែររបងអគារស្ថាន ទូតបេឡារុស ហើយមានកាន់វត្ថុពុំត្រូវបានដឹងច្បាស់នៅក្នុងដៃ។ មិនយូរប៉ុន្មានក្រោយមក ពួកគេ បានដុតបញ្ឆេះវត្ថុទាំងនោះ ហើយគ្រវែងពួកវាចូលទៅក្នុងបរិវេណស្ថានទូត»។
សូមបញ្ជាក់ថា ជាលទ្ធផលនៃការផ្ទុះខាងលើ អគារស្ថានទូតបេឡារុស បានទទួលរងការខូចខាត មួយចំនួន ប៉ុន្តែបុគ្គលិកទាំងអស់ ដែលមានវត្តមានក្នុងស្ថានទូតនាពេលនោះ គឺមិនមាននរណា ម្នាក់រងគ្រោះថ្នាក់ឡើយ៕