(បរទេស)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ អោយដឹងថា ប្រទេសចិនជាទីផ្សារដ៏ធំបំផុតមួយដែលបាននាំចេញរថយន្តអគ្គីសនី បានជិត ៥០០,០០០ គ្រឿងនៅក្នុងឆ្នាំ២០២១ ដែលវាគឺជាចំនួនដ៏ច្រើនបើធៀបទៅនឹងប្រទេស ផ្សេងទៀតនៅក្នុងពិភពលោក ខណៈដែលមួយផ្នែកធំនៃតួរលេខនេះបានមកពីការលក់នៅប៉ែកអ៊ឺរ៉ុប និង អាស៊ីអាគ្នេយ៍។
យោងតាមរដ្ឋបាលគយប្រទេសចិនបានឱ្យដឹងថា ចំនួនរថយន្តអគ្គីសនីដឹកអ្នកដំណើរដែលបាននាំ ចេញក្នុងឆ្នាំ២០២១ បានកើនឡើង ២.៦ដង ដែលមានចំនួនរហូតដល់ទៅ ៤៩៩,៥៧៣ គ្រឿង។ ដោយឡែកការនាំចេញរថយន្តអគ្គីសនីរបស់ប្រទេសចិនទៅកាន់អ៊ឺរ៉ុបបានកើនឡើង ៥ដង និងមាន ចំនួន ២៣០,០០០ គ្រឿង ដោយតំបន់នេះបានស្រូបយកពាក់កណ្តាលនៃការនាំចេញរថយន្ត អគ្គីសនីសរុបរបស់ប្រទេសចិន។
មួយវិញទៀត ប្រទេសចិនមានចំណែកទីផ្សារ ៦០ភាគរយនៃផលិតកម្មរថយន្តអគ្គីសនីទូទាំងពិភព លោក ហើយក៏កំពុងក្លាយជារោងចក្រគោលដៅរបស់ពិភពលោកផងដែរ។
គួរជម្រាបដែរថា ប្រទេសចិនបានកើនឡើង ៥៧.៤ភាគរយនៃចំនួនសរុប ហើយអ៊ឺរ៉ុប និង សហរដ្ឋ អាមេរិកមានចំនួន ២២ភាគរយ និង ១២ភាគរយរៀងគ្នា ខណៈដែលប្រទេសជប៉ុនមានត្រឹមតែ ០.៩ភាគរយប៉ុណ្ណោះ៕