(វ៉ាស៉ីនតោន)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ ព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០២២ បញ្ជាក់ថាយោធាអាមេរិកនាថ្ងៃពុធសប្តាហ៍នេះ បានឱ្យដឹងថា ខ្លួននឹងពន្យារពេលសិនចំពោះ ការធ្វើតេស្តបាញ់មីស៉ីលផ្លោងឆ្លងទ្វីប (ICBM) មីនុតមែន ស៉្រី (Minuteman III) ដើម្បីព្យាយាមបន្ធូរបន្ថយភាពតានតឹង នៃអាវុធនុយក្លេអ៊ែរជាមួយប្រទេសរុស្ស៉ី។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក ចន ឃឺប៊ី (John Kirby) បាននិយាយយ៉ាងដូច្នេះថា «ចំពោះមុខភាពតានតឹងនាពេលនេះ យើងទទួលស្គាល់ថា វាជារឿងសំខាន់ជាខ្លាំងដែលទាំងសហ រដ្ឋអាមេរិកនិងរុស្ស៉ី ត្រូវគិតគូរជាប់ជានិច្ចអំពីហានិភ័យនៃការគណនាខុស ហើយបោះជំហានដើម្បី កាត់បន្ថយហានិភ័យទាំងនោះ»។
អ្នកនាំពាក្យអាមេរិករូបនេះបានបន្តថា «ការសម្រេចចិត្តពន្យារពេលការធ្វើតេស្តមីស៉ីល ICBM នេះ មានន័យចង់ស្តែងឱ្យឃើញថា យើងមិនមានចេតនា ធ្វើសកម្មភាពណាមួយ ដែលអាចបង្កការ ភាន់ច្រឡំ ឬយល់ខុសនោះឡើយ។ យើងមិនបានសម្រេចចិត្តដោយងាយៗនោះទេ ប៉ុន្តែដើម្បី បង្ហាញថា ពួកយើងជាមហាអំណាចនុយក្លេអ៊ែរ ដែលមានការទទួលខុសត្រូវ»៕