ក្រសួងពាណិជ្ជកម្ម សម្រេចពន្យារពេលការផាកពិន័យ ចំពោះការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក


 (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានសម្រេចពន្យារពេលការផាកពិន័យ ចំពោះការដាក់ពាក្យស្នើសុំ លិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីផ្តល់ពេលបន្ថែមដល់អ្នក ធ្វើអាជីវកម្ម សហគ្រាស និងក្រុមហ៊ុនដែលធ្វើអាជីវកម្មតាមអនឡាញ ស្របពេលមេរោគបំប្លែងខ្លួន ថ្មីអូមីក្រុង កំពុងរាលដាលខ្លាំងក្នុងសហគមន៍។ នេះបើយោងតាមសេចក្តី ជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្ម ដែលទទួលបាននៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ។

តាមក្រសួងពាណិជ្ជកម្ម ការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិក នឹងដល់កាលបរិច្ឆេទកំណត់នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ ប៉ុន្តែដើម្បីឆ្លើយតបនឹង សំណូមពរេបស់អាជីវករ និងក្រុមហ៊ុនជាច្រើន ក្រសួងនឹងពន្យាពេលការផាកពិន័យនេះ រហូតដល់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់យ៉ាងដូច្នេះថា «ដោយយោងតាមការសំណូមពររបស់អាជីវករ សហ គ្រាសឯកបុគ្គល និងក្រុមហ៊ុនជាច្រើន និងរួមផ្សំជាមួយនឹងការផ្ទុះឡើងវិញនូវជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី (អូមីក្រុង) កំពុងរាលដាលខ្លាំងក្នុងសហគមន៍ ក្រសួងពាណិជ្ជកម្មសម្រេចពន្យារពេលកាលបរិច្ឆេទ ការផាកពិន័យរហូតដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ដើម្បីផ្តល់ពេលវេលាគ្រប់គ្រាន់ដល់រូបវន្តបុគ្គល សហគ្រាសឯកបុគ្គល ឬក្រុមហ៊ុនដែលធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ធ្វើការស្នើសុំលិខិត អនុញ្ញាតឬអាជ្ញាបណ្ណ»

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ចំពោះអាជីវកម្មដែលធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកដោយមិនមានការអនុញ្ញាត ពីក្រសួងពាណិជ្ជកម្ម អាជីវកម្មនោះ នឹងត្រូវ ទទួលការផាកពិន័យជាប្រាក់ និងអាចមានការផ្តល់ទោសផងដែរ។

ក្រសួងពាណិជ្ជកម្មនៅតែជំរុញឱ្យសហគ្រាស និងសាខាក្រុមហ៊ុនបរទេសនៅកម្ពុជាទាំងអស់ បន្ត ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណតាមនីតិវិធីជាប្រក្រតី៕