រុស្ស៊ី អះអាងថាកងទ័ពរបស់ខ្លួន ៤៩៨នាក់ ត្រូវបានសម្លាប់នៅអ៊ុយក្រែន ចាប់តាំងពីបើកប្រតិបត្តិ ការយោធាមក


 (ម៉ូស្គូ)៖  តាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី៣ ខែមីនា ឆ្នាំ២០២២ ប្រាប់អោយដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថាកងទ័ពរុស្ស៊ី ៤៩៨នាក់ បានស្លាប់នៅក្នុង សង្រ្គាមនៅអ៊ុយក្រែន និង១,៥៩៧នាក់ផ្សេងទៀត បានរងរបួស ដែលនេះគឺជាការចេញរបាយ ការណ៍លើកដំបូងបំផុតពីចំនួនកងទ័ពស្លាប់ និងរងរបួសរបស់ទីក្រុងម៉ូស្គូ ចាប់តាំងពីលោក ពូទីន  បើកប្រតិបត្តិការយោធាកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។

ជាមួយការចេញផ្សាយរបាយការណ៍ខាងលើ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក អ៊ីហ្គ័រ កូណាឈិនកូវ (Igor Konashenkov) កាលពី ថ្ងៃពុធសប្ដាហ៍នេះ ក៏បានច្រានចោលផងដែររបាយ ការណ៍ដែលថាកងទ័ពរុស្ស៊ីរាប់ពាន់នាក់បានស្លាប់ដោយចាត់ទុកថា វាជាព័ត៌មានក្លែងក្លាយ។ លោកបន្ថែមថាក្រុមគ្រួសារសាច់ញាតិរបស់កងទ័ពរុស្ស៊ី ដែលពលីជីវិតនឹងទទួលបានជំនួយចាំ បាច់នានា។

គួរបញ្ជាក់ថា បើតាមលោក Konashenkov កងទ័ពអ៊ុយក្រែនច្រើនជាង ២,៨៧០នាក់ ត្រូវបាន សម្លាប់ និងជាង ៣,៧០០នាក់រងរបួស ខណៈ៥៧២នាក់ត្រូវបានចាប់ខ្លួន។ ប៉ុន្តែ អ៊ុយក្រែនកាល ពីថ្ងៃពុធនោះដែរបានអះអាងថាកងទ័ពរុស្ស៊ីជិត ៦,០០០នាក់ ឯណោះត្រូវបាន សម្លាប់៕