មន្ត្រីជាន់ខ្ពស់វេទិកាសេដ្ឋកិច្ចពិភពលោក សរសើរពីកិច្ចសហប្រតិបត្តិការល្អរបស់កម្ពុជា


 (ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ចូអុក លី (Joo-Ok Lee) ប្រធានកម្មវិធីតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកនៃគណៈកម្មការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ច ពិភពលោក (WEF) បានជួបជជែកការងារមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក។

កិច្ចពិភាក្សាដែលបានធ្វើឡើងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងនូវគាវរកិច្ចស្វាគមន៍ចំពោះវត្តមានរបស់ លោក ចូអុក លី និងសហការី ក្នុង អំទ្បុងនៃដំណើរទស្សនកិច្ចរបស់លោក នៅកម្ពុជាពីថ្ងៃទី២-៥ ខែមីនា ឆ្នាំ២០២២។ ឯកឧត្តម រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក ដោយបានលើកឡើងអំពីការចូលរួមយ៉ាងសកម្មរបស់គណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងរាល់ព្រឹត្តិការណ៍នៃវេទិកាសេដ្ឋកិច្ចពិភពលោកកន្លងមក ជាពិសេសកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកានេះ។

ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានគូសបញ្ជាក់អំពីសារសំខាន់នៃសម្ព័ន្ធសកលសម្រាប់ការសម្រប សម្រួលពាណិជ្ជកម្ម ក្រោមអនុស្សរណៈនៃការយោគយល់រវាងក្រសួងពាណិជ្ជកម្ម ជាមួយនិង Swisscontact និងបានលើកឡើងអំពីសមិទ្ធផលអាទិភាពមួយចំនួន ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ឌីជីថល ក្នុងនាមជាប្រធានអាស៊ានក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានផងដែរ។

លើសពីនេះឯកឧត្តម រដ្ឋមន្ដ្រី បានថ្លែងអំពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា នូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងសង្គមកម្ពុជា ២០២១-២០៣៥ កាលពីខែ ឧសភា ឆ្នាំ២០២១ កន្លងទៅ ដែលក្របខណ្ឌគោលនយោបាយនេះបានកំណត់ចក្ខុវិស័យវែង ឆ្ងាយក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក ដោយដាក់មូលដ្ឋានគ្រឹះសម្រាប់ការ លើកកម្ពស់ការទទួលយក និងការផ្លាស់ប្តូរឌីជីថលនៅក្នុងគ្រប់វិស័យនៃសង្គម ទាំងរដ្ឋ ពលរដ្ឋ និងធុរជន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គមដោយផ្អែកលើគន្លង  «ធម្មតាថ្មី»

ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបន្ដថា ដើម្បីទាញយកអត្ថប្រយោជន៍ពីពាណិជ្ជកម្មឌីជីលឱ្យ បានកាន់តែច្រើនបន្ថែមទៀត កម្ពុជាបានអនុម័តច្បាប់មួយចំនួន ដូចជាច្បាប់ពាណិជ្ជកម្មអេឡិច ត្រូនិក ច្បាប់ស្ដីពីការពារអ្នកប្រើប្រាស់ និងច្បាប់ស្ដីពីការប្រកួតប្រជែងជាដើម។

ជាកិច្ចឆ្លើយតប លោក ចូអុក លី បានសម្ដែងនូវក្ដីសោមនស្សចំពោះការលើកឡើងរបស់ ឯកឧត្តម រដ្ឋមន្ដ្រី អំពីកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក ព្រមទាំង បានថ្លែងអំណរគុណចំពោះការគាំទ្រសម្ព័ន្ធសកលសម្រាប់ការសម្របសម្រួលពាណិជ្ជកម្ម (Global Alliance for Trade Facilitation) និងបានចូលរួមជាអធិបតីក្នុងការសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ នៃគម្រោងធ្វើឱ្យប្រសើរឡើង នូវការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៃកញ្ចប់ទំនិញខ្នាតតូច សម្រាប់សហគ្រាសធុនតូច និងមធ្យម កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។

ឆ្លៀតក្នុងឱកាសនោះលោកក៏បានបង្ហាញនូវការគាំទ្រចំពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ក្នុងការសម្រេចសមទ្ធិផលអាទិភាព ដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មឌីជីថល និងការ សម្រួលវិនិយោគ។ លោកក៏បានបញ្ជាក់ទៀតថា WEF នឹងបន្តសហការបន្ថែមទៀត និងពិនិត្យលទ្ធ ភាពគាំទ្រលើសមិទ្ធផលអាទិភាពទាំងឡាយរបស់កម្ពុជាដែលចង់សម្រេចបាន ក្រោមសសរស្តម្ភ សហគមន៍សេដ្ឋកិច្ចអាស៊ានផងដែរ។

លោក ចូអុក លី បានបន្ដថា វេទិកាសេដ្ឋកិច្ចពិភពលោក មានបំណងចង់ធ្វើជាដៃគូសហការជាមួយ អាស៊ាន ព្រោះអាស៊ាន គឺជាតំបន់ដ៏មានសក្ដានុពលមួយក្នុងការផ្គត់ផ្គង់សកល។ ជាមួយគ្នានេះ លោកក៏បានជម្រាបជូនអំពីការត្រៀមលក្ខណៈក្នុងការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោកនាពេលខាងមុខដ៏ខ្លីនេះផងដែរ៕